30 C
Phnom Penh
Thursday, June 30, 2022

ជប៉ុន ប្រគល់រថយន្តពន្លត់អគ្គិភ័យ៤គ្រឿង ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះមានទាំងរថយន្តបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រផងដែរ

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួចចំនួន៤គ្រឿង ក្នុងគម្រោងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ តាមរយៈការផ្តល់រថយន្តពន្លត់អគ្គិភ័យដែលប្រើប្រាស់រួច ត្រូវបានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន (គម្រោងគូសាណូណិ)។

ពិធីប្រគល់ ទទួល រថយន្តពន្លត់អគ្គិភ័យប្រើប្រាស់រួចចំនួន៤គ្រឿងនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ក្រោមវត្តមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI MASAHIRO) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា នៅការិយាល័យកណ្តាលនគរបាលអាវុធជាតិផ្ទុះ និងអគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ នៅភូមិឡកំបោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។

លោក ឃួង ស្រេង បានអរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដែលបានផ្តល់នូវអំណោយជារថយន្តពន្លត់អគ្គិភ័យ និងការបណ្ដុះបណ្ដាលបច្ចេកទេសជូនដល់អង្គភាពជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលនេះមិនត្រឹមតែបានគាំទ្រដល់ការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យក្នុងរាជធានីភ្នំពេញ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តរ៍។

លោក ឃួង ស្រេង បានបញ្ជាក់ថា គ្រោះអគ្គិភ័យបានបង្កនូវវិនាសកម្ម ធ្វើឱ្យបាត់បង់អាយុជីវិតប្រជាពលរដ្ឋ និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនជាច្រើន ហើយក្នុងពេលប្រតិបត្តិការ កងកម្លាំងពន្លត់អគ្គិភ័យក៏ត្រូវបានជូបប្រទះនូវភាពស្មុគស្មាញ ប្រឈមទៅនឹងការលំបាកទាំងបច្ចេកទេស និងសមត្ថភាពជំនាញឯកទេស ជាពិសេសភាពប្រថុយប្រថានខ្ពស់ទៅនឹងគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។ ផ្អែកតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅក្នុងឆ្នាំ២០២១ សភាពការណ៍គ្រោះអគ្គិភ័យនៅរាជធានីភ្នំពេញ បានកើតមានឡើងចំនួន១៣០លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន១២នាក់ របួសចំនួន២៣នាក់ និងបានបណ្ដាលឱ្យខូចខាតទ្រព្យសម្បត្តិ ដូចជា ឆេះផ្ទះ២៨ខ្នង, ឃ្លាំង-រោចក្រ១០កន្លែង បន្ទប់ស្នាក់នៅ៣៦បន្ទប់ រថយន្ត៣៦គ្រឿង យានយន្ត គ្រឿងចក្រ និងសម្ភារបរិក្ខារមានតម្លៃជាច្រើនទៀត។

លោកអភិបាលបន្តថា ស្របពេលដែលរាជធានីភ្នំពេញកាន់តែមានភាពរីកចម្រើន មានវត្តមានទីក្រុងរណប អគារពាណិជ្ជកម្ម សំណង់បុរី ខុនដូ និងផ្សារទំនើប ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់នោះ ទីក្រុងភ្នំពេញ ក៏កំពុងប្រឈមទៅនឹងបញ្ហាថ្មី១ លើការងារបង្ការ និងពន្លត់អគ្គិភ័យ ដែលអាចកើតមានចំពោះសំណង់អគារខ្ពស់ៗ និងបណ្តាអាជីវកម្មដ្ឋានងាយឆាបឆេះ។ ដូច្នេះ ការផ្ដល់នូវជំនួយបច្ចេកទេស និងរថយន្តពន្លត់អគ្គិភ័យដែលមានសមត្ថភាព របស់មិត្តជប៉ុន សម្រាប់ការងារនេះ គឺពិតជាបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ចំពោះមុខរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធានាដល់ប្រសិទ្ធភាពនៃការអន្តរាគមន៍ពន្លត់អគ្គិភ័យក្នុងទីក្រុងបានទាន់ពេលវេលា និងកាន់តែប្រសើរឡើង។

សម្រាប់រថយន្តពន្លត់អគ្គិភ័យ ដែលមិត្តជប៉ុនបានផ្ដល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ជាប្រភេទរថយន្តពន្លត់អគ្គិភ័យដែលប្រើប្រាស់រួច ក្រោមហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន នៃគម្រោងតូសាណូណិដែលមានចំនួនសរុប៤គ្រឿង ក្នុងនោះរួមមានរថយន្តបូមទឹកពន្លត់អគ្គិភ័យចំនួន ២គ្រឿង, រថយន្តពន្លត់អគ្គិភ័យបំពាក់ដោយសារធាតុគីមីចំនួន១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យបំពាក់ដោយជណ្តើរកម្ពស់៤០ម៉ែត្រ ចំនួន១គ្រឿង ដែលរថយន្តទាំងនេះនឹងចូលរួមគាំទ្រ បង្កើនសមត្ថភាព និងសម្រួលដល់ការបំពេញភារកិច្ចរបស់កងកម្លាំងពន្លត់អគ្គិភ័យ កាន់តែប្រសើរឡើង។

ក្នុងឱកាសនោះដែរ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងនេះ បានបរិច្ចាគដោយរដ្ឋាភិបាលក្នុងស្រុកនៃប្រទេសជប៉ុនតាមរយៈជំនួយឥតសំណងគម្រោងគូសាណូណិដោយមានកិច្ចសហប្រតិបត្តិការពីអង្គការ Society for Promotion of Japanese Diplomacy ក្នុងគោលបំណងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ រថយន្តពន្លត់អគ្គិភ័យវានឹងអាចអនុវត្តការសង្គ្រោះ និងឆ្លើយតបបន្ទាន់ទៅនឹងអគ្គិភ័យនៅក្នុងអគារខ្ពស់ៗ។ គម្រោងនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឱ្យប្រសើរឡើងនូវ សុវត្ថិភាព និងជួយការពារទ្រព្យសម្បត្តិរបស់ប្រជាជន ដែលរស់នៅក្នុងតំបន់ ព្រមទាំងភ្ញៀវទេសចរណ៍ និងអ្នកជំនួញដែលធ្វើដំណើរមកពីជុំវិញពិភពលោកផងដែរ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត