30 C
Phnom Penh
Monday, June 27, 2022

ឆ្នាំ២០២១ តម្លៃផលិតផលកសិកម្មរបស់កម្ពុជាសម្រេចទំហំ ១៨ពាន់លានដុល្លារ កើនឡើងជាង ៤៣%

ភ្នំពេញ៖ ក្នុងឆ្នាំ២០២១កន្លងទៅនេះ តម្លៃផលិតផលកសិកម្មសរុបមានទំហំ១៨ពាន់លានដុល្លារអាមេរិក កើនប្រមាណជាង៤៣% ធៀបទៅនឹងតម្លៃផលិតផលកសិកម្មសរុបក្នុងឆ្នាំ២០២០ ក្នុងនោះតម្លៃផលិតផលសរុបផ្នែកដំណាំមានទំហំ១០,៥ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលសរុបផ្នែកសត្វមានទំហំ៥,១ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលផ្នែកជលផលមានទំហំ១,៧ពាន់លានដុល្លារអាមេរិក តម្លៃផលិតផលផ្នែកព្រៃឈើមានទំហំជាង ៧៨,៦៣លានដុល្លារអាមេរិក និងតម្លៃផលិតផលសរុបផ្នែកកៅស៊ូមានទំហំជាង៦០៤លានដុល្លារអាមេរិក។ ដោយឡែកតម្លៃនៃការនាំចេញផលិតផលកសិកម្មសរុបសម្រាប់ឆ្នាំ២០២១ មានទំហំជាង ៥ពាន់លានដុល្លារអាមេរិក គឺមានកំណើន២៥% ធៀបទៅនឹងឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ថ្លែងនៅក្នុងពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងចុងក្រោយគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២១-២០៣០ នៅថ្ងៃនេះ លោក វេង សានខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ទោះជាមានសន្ទុះនៃការរីកចម្រើនយ៉ាងណាក្តី ក៏វិស័យកសិកម្មនៅជួបបញ្ហាប្រឈមជាច្រើនផងដែរ មានជាអាទិ៍ ផលិតភាពកសិកម្មនៅមានកម្រិតទាប គួបផ្សំនឹងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ ក៏មានការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភនៅក្នុងប្រទេសក៏ដូចជាការប្រកួតប្រជែងទីផ្សារនៃផលិតផលកសិកម្មផងដែរ។

លោកបញ្ជាក់ថា ការផ្ទេរបច្ចេកទេសកសិកម្មទំនើបដល់កសិករ នៅពុំទាន់បានគ្រប់គ្រាន់ស្របតាមសេចក្តីត្រូវការជាក់ស្តែងក្នុងបរិបទនៃការប្រែប្រួលបច្ចេកវិទ្យាទំនើប។ ការផ្គត់ផ្គង់ទឹកកសិកម្មនៅពុំទាន់គ្រប់គ្រាន់តាមតម្រូវការប្រើប្រាស់របស់កសិករនៅឡើយ ពិសេសនៅពេលដែលកសិករជួបប្រទះគ្រោះរាំងស្ងួត។

ជាមួយគ្នានេះលោកថា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រកសិកម្មដទៃទៀតដូចជាផ្លូវ កសិដ្ឋាន ដើម្បីសម្រួលការដឹកជញ្ជូនផលិតផលរបស់កសិករ ប្រព័ន្ធស្តុកទុក ឃ្លាំងសម្ងួត ឃ្លាំងត្រជាក់ នៅមិនទាន់បង្កើតបានគ្រប់គ្រាន់សម្រាប់ការធ្វើកសិ-ពាណិជ្ជកម្មឱ្យមានប្រសិទ្ធភាព សម្រាប់បម្រើឱ្យការនាំចេញផលិតផលកសិកម្មទៅកាន់ទីផ្សារអន្តរជាតិ គួបផ្សំនឹងតម្លៃអគ្គិសនីផងដែរ។ លើសពីនេះទៀត កត្តាប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួតបានវាយលុកមកលើផលិតកម្មដំណាំកសិកម្ម បញ្ហាជំងឺឆ្លងសត្វ និងការទន្ទ្រានកាន់កាប់ដីព្រៃឈើ ព្រៃលិចទឹកនៅតំបន់មួយចំនួននៅតែកើតមានដែលត្រូវតែចាត់វិធានការដោះស្រាយឱ្យបានខ្លាំងក្លាបន្ថែមទៀត។

លោកបន្តថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ រាជរដ្ឋាភិបាលដាក់ចេញ គោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២១-២០៣០ ដែលត្រូវបាន និងកំពុងរៀបចំឡើង ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ព្រមទាំងមានសង្គតិភាពទៅនឹងឯកសារគោលនយោបាយ និងយុទ្ធសាស្ត្ររបស់អន្តរស្ថាប័នពាក់ព័ន្ធផ្សេងៗផងដែរ។

បន្ថែមលើនេះលោករដ្ឋមន្ត្រីលើកឡើងថា គោលដៅចម្បងដែលត្រូវសម្រេចឱ្យបានក្នុងគោលនយោបាយនេះគឺ៖ (១) បង្កើនតម្លៃបន្ថែមសរុបនៃវិស័យកសិកម្មឱ្យកើនយ៉ាងតិច ៣ភាគរយ ក្នុងមួយឆ្នាំ និង (២) បង្កើនផលិតភាពពលកម្មកសិកម្មពី ១៩៨៦ដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ដល់ ៤៦២៥ដុល្លារអាមេរិក ក្នុងមួយឆ្នាំ នៅឆ្នាំ ២០៣០៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត