ខេត្តកំពង់ឆ្នាំង អគ្គីភ័យដែលបណ្ដាលឱ្យឆេះផ្ទះជាច្រើនខ្នង នៅកមភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ គឺ បណ្ដាលមកពីឆេះផ្ទះឆ្អើរត្រី ហើយរហូតដល់វេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃដដែល ទើប គ្រប់គ្រងសភាពការណ៍បាន ក្រោមកិច្ចអន្តរគមន៍របស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្ត និង ប្រជាពលរដ្ឋប្រើម៉ាស៊ីនបូមទឹកពីទន្លេជួយបាញ់ពន្លត់ផងដែរ។
លោក លុយ ឌីណា ស្នងការរងគរបាលខេត្តកំពង់ឆ្នាំង ទទួលបន្ទុកពន្លត់និងបង្ការអគ្គីភ័យ បានឲ្យដឹងថា ទួរលេខបឋម ពីអាជ្ញាធរមូលដ្ឋាន គឺអគ្គីភ័យបានឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន២៧ ខ្នងផ្ទះ ដែលមានប្រជាពលរដ្ឋរស់នៅ ៣៧ គ្រួសារ។ ចំពោះមូលហេតុ គឺបណ្ដាលមកពីឆេះរោងឆ្អើរត្រីនៅផ្ទះឈ្មោះ ហ៊ន ប៊ុន លី អាយុ៥៥ ឆ្នាំ មានប្រពន្ធឈ្មោះរ៉ា ម៉ានី ដែលចាប់ផ្ដើមពីផ្ទះឆ្អើរត្រីនៅផ្នែកខាងក្រោយ ហើយបានរាលដាល មកខាងមុខផ្ទះ និងបន្តទៅផ្ទះអ្នកដ៍ទៃ ដែលសុទ្ឋតែជាផ្ទះឈើជាប់ៗគ្នា ។ កិច្ចប្រតិបត្តិការនោះ បានប្រើប្រាស់រថយន្តចំនួន១០គ្រឿងក្នុងនោះនៅស្នងការដ្ឋាន៥គ្រឿង និងមកពីបណ្តាស្រុកក្រុង៥គ្រឿង ដោយប្រើប្រាស់ទឹកចំនួន៧០រថយន្ត តែមិនទាន់បញ្ចប់នៅឡើយ គឺនៅបន្តបាញ់ទឹកពន្លត់គំនរអុស នៅឡើយ។
នៅក្នុងកិច្ចអន្តរាគមន៍ពន្លត់អគ្គីភ័យនោះ ដែរ គេសង្កេតឃើញមាន ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ កែវ ចាន់មុន្នី អ្នកតំណាងរាស្ត្រ មណ្ឌល កំពង់ឆ្នាំង និង ឯកឧត្តម គុយ ចន្ថា សមាជិក ក្រុមប្រឹក្សាខេត្ត ក៏បានចូលរួមជួយក្នុងពន្លត់អគ្គីភ័យនោះដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងផ្តល់កិច្ចសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានថា៖ ឯកឧត្តម សំដែងនូវក្តីរន្ធត់ និងសូមចូលរួមចំណែករំលែកទុក្ខ បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះ អស់ជាច្រើនខ្នងនេះ ហើយនៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម នឹងនាំយកអំណោយកាកបាទក្រហម មកផ្ទះជូនគ្រួសាររងគ្រោះជាបន្ទាន់ ដើម្បីជួយដោះទុកលំបាករបស់បងប្អូន។
ឯកឧត្តម អភិបាលខេត្តក៏បានបញ្ជាក់ដែរថានៅតំបន់នេះគឺសុទ្ធតែអ្នកប្រកបមុខរបរឆ្អើរត្រី ហើយអគ្គីភ័យ ងាយនឹងឆាបឆេះខ្លាំងណាស់ កន្លងទៅក៍ធ្លាប់ឆេះជាច្រើនសារណាស់មកហើយ។ ទៅថ្ងៃខាងមុខ ឯកឧត្តម នឹងរៀបគម្រោង រកដីទំនេរមួយកន្លែងដើម្បីឱ្យពួកគាត់ដាក់រោងឆ្អើរត្រីនៅដាច់ដោយឡែកពីផ្ទះរស់នៅ ងាយស្រួលក្នុងការគ្រប់គ្រងអគ្គីភ័យ ក៏ដូចជាឡានទឹកងាយស្រួលចូលបាញ់ពន្លត់ផងដែរ។ ជាចុងក្រោយឯកឧត្តម ក៍បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្ត មិនចាំបាច់តែអ្នកឆ្អើរត្រីនោះទេ សូមប្រប្រយ័ត្នគ្រប់គ្នា ព្រោះរដូវនេះ ជារដូវរាំងស្ងួតហើយងាយនឹងឆាបខេះខ្លាំងណាស់ ហេតុនេះតាមបណ្តាផ្ទះ គួរតែមានបំពង់ពន្លត់អគ្គីភ័យគ្រប់គ្នា និងត្រូវមានទឹកដាក់ពាងឬធុងតាមផ្ទះឱ្យបានពេញផងដែរ៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News