27 C
Phnom Penh
Sunday, December 15, 2024

ចំនួនអ្នកបាត់បង់ជីវិតដោយសារការរញ្ជួយដីកើនឡើងនៅហៃទីស្របពេលដែលព្យុះត្រូពិកវាយប្រហារប្រទេសនេះថែមទៀត

ស្តាប់អត្ថបទជាសម្លេង

ក្រុមជួយសង្គ្រោះកំពុងប្រញាប់ប្រញាល់ក្នុងការស្វែងរកអ្នកនៅមានជីវិតពីការរញ្ជួយដីដ៏អាក្រក់បំផុត  ដែលបានវាយប្រហារប្រទេសហៃទីកាលពីថ្ងៃសៅរ៍  ស្របពេលដែលព្យុះត្រូពិកមួយបានវាយប្រហារប្រទេសនៅក្នុងតំបន់សមុទ្រការ៉ាអ៊ីបមួយនេះថែមទៀត។ 

មនុស្សយ៉ាងហោចណាស់ចំនួន ១.៤១៩នាក់បានបាត់បង់ជីវិតនៅក្នុងគ្រោះរញ្ជួយដីកម្រិត ៧,២រ៉ិចទ័រនោះ  ចំណែកមនុស្សជាង ៦.៩០០នាក់ទៀតបានរងរបួស  និងជាច្រើននាក់កំពុងបាត់ខ្លួននៅឡើយ។ 

ព្យុះត្រូពិក  ហ្គ្រេស  (Grace) ត្រូវបានព្យាករថានឹងបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងកម្រិតរហូទៅដល់២៥សង់ទីម៉ែត្រ នៅលើតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការរញ្ជួយដី។ មានការបារម្ភថាទឹកជំនន់អាចបង្កឲ្យមានការរអិលបាក់ដីថែមទៀតផង។ 

ផ្លូវថ្នល់ដែលមិនអាចធ្វើចរាចរណ៍បានរួចស្រេចទៅហើយដោយការរញ្ជួយដីនោះ  អាចនឹងត្រូវបានខូចខាតថែមទៀតដោយសារភ្លៀងធ្លាក់ខ្លាំង  ដូច្នេះហើយក្រុមផ្ដល់ជំនួយកំពុងរូតរះនាំយកសម្ភារចាំបាច់ផ្សេងៗទៅឲ្យតំបន់ដែលរងគ្រោះពីការរញ្ជួយដី។

ក្រុមរុករក  និងក្រុមជួយសង្គ្រោះមកពីអាមេរិក  និងស៊ីលីបានទៅដល់ប្រទេសហៃទី  ខណៈដែលក្រុមមកពីប្រទេសម៉ិកស៊ិកកំពុងនៅតាមផ្លូវ។ ជាមួយគ្នានេះ  ក្រុមគ្រូពេទ្យរបស់ប្រទេសគុយបាបានទៅដល់ប្រទេសហៃទីហើយ  និងកំពុងជួយពលរដ្ឋ។ 

អង្គការផ្ដល់ជំនួយមនុស្សធម៌នានាបានប្រកាសថា  អ្នកនៅមានជីវិតពីការរញ្ជួយដីនេះត្រូវការទឹកស្អាត  និងទីជម្រក។ គ្រួសារជាង  ៣ម៉ឺនត្រូវបានគេរាយការណ៍ថាបានបាត់បង់ផ្ទះសម្បែង។ 

គួរកត់សម្គាល់ថា  ការរញ្ជួយដីនេះបានបង្កជាបញ្ហាថែមទៀតដល់ប្រទេសក្រីក្រហៃទីដែលកំពុងរងគ្រោះស្រាប់ទៅហើយពីវិបត្តិនយោបាយ  បន្ទាប់ពីមានការធ្វើឃាតប្រធានាធិបតីរបស់ខ្លួនកាលពីខែមុន៕

អត្ថបទនឹងរូបភាព ដោយ Puthi news

អានបន្ត

spot_img
spot_img