ក្រសួងការបរទេសចិន បានវាយបកទៅទីក្រុងវ៉ាស៊ីនតោនវិញ ចំពោះការលើកឡើងថា ចិនកំពុងវាយតម្លៃអំពីលទ្ធភាពនៃការផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី ដោយបាននិយាយកាលពីថ្ងៃចន្ទទី២០ខែកុម្ភៈថា ជារដ្ឋាភិបាលអាមេរិកឯណោះទេដែលបញ្ជូនអាវុធចូលទៅក្នុងតំបន់ជម្លោះ មិនមែនចិនឡើយ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា “នោះគឺជាសហរដ្ឋអាមេរិក មិនមែនចិនទេ ដែលបាននិងកំពុងបញ្ជូនអាវុធយ៉ាងខ្ជាប់ខ្ជួនទៅក្នុងសមរភូមិ”។


កាលពីចុងសប្តាហ៍មុន មន្ត្រីជាន់ខ្ពស់អាមេរិកមួយចំនួន បានចាប់ផ្តើមផ្តល់យោបល់ថា ពួកគេមានហេតុផលដែលអាចជឿបានថា ប្រទេសចិនកំពុងពិចារណាបញ្ជូនសព្វាវុធទៅកាន់ទីក្រុងមូស្គូ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានចោទប្រកាន់ប្រទេសចិនថា កំពុងពិចារណាផ្តល់ការគាំទ្រដ៍សាហាវដល់រុស្ស៊ី។ លោកនិយាយថា ប្រសិនបើការចោទប្រកាន់របស់លោកក្លាយជាការពិតមែននោះ វានឹងមានផលវិបាកធ្ងន់ធ្ងរនៅក្នុងទំនាក់ទំនងរបស់អាមេរិកជាមួយចិន។


ដោយឡែកឯកអគ្គរដ្ឋទូតរបស់លោក Biden ប្រចាំអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield ក៏បានប្រាប់ CNN កាលពីថ្ងៃអាទិត្យដែរថា ប្រទេសចិននឹងឆ្លងកាត់ បន្ទាត់ក្រហម ប្រសិនបើខ្លួនសម្រេចចិត្តផ្តល់ជំនួយដ៍សាហាវដល់រុស្ស៊ីមែន។
លោកស្រី Linda Thomas-Greenfield
ប៉ុន្តែលោក Wang បានវាយបកទៅវិញថា សហរដ្ឋអាមេរិក មិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្នុងការចេញឱសានវាទបែបនេះឡើយ។ ពិភពលោកទាំងមូលដឹងថា អ្នកណាដែលត្រូវស្តីបន្ទោសចំពោះអរិភាពក្នុងប្រទេសអ៊ុយក្រែន ហើយបានអំពាវនាវឲ្យរដ្ឋបាលលោក Biden ទទួលស្គាល់ជាសាធារណៈថា ខ្លួនកំពុងចាក់សាំងលើភ្លើងនៃជម្លោះដែលកំពុងបន្ត។


លោកបានកត់សម្គាល់ថា មិនដូចទីក្រុងវ៉ាស៊ីនតោនទេ ទីក្រុងប៉េកាំងបានគាំទ្រកិច្ចចរចាដើម្បីសន្តិភាព ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះអ៊ុយក្រែន។ ចិនសូមជំរុញឲ្យភាគីអាមេរិកពិចារណាយ៉ាងហ្មត់ចត់អំពីតួនាទីដែលខ្លួនបានលេង ធ្វើអ្វីមួយដើម្បីជួយឲ្យបន្ថយស្ថានការណ៍ ជំរុញកិច្ចចរចាសន្តិភាព ហើយបញ្ឈប់ការទម្លាក់កំហុស និងការផ្សព្វផ្សាយព័ត៌មានមិនពិតតទៅទៀត៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News