ខេត្តពោធិ៍សាត់៖ ស្ត្រីម្នាក់ដែលគេតែងតែឃើញស្លៀក ពាក់សមសួន បន្លំខ្លួនធ្វើជាជំទាវចូលរួមជាមួយនឹងថ្នាក់ដឹកនាំស្ទើរគ្រប់កម្មវិធី និងដើបោកពលរដ្ឋនៅខេត្តពោធិ៍សាត់នោះ ឥឡូវត្រូវបានសមត្ថកិច្ចចាប់ញាត់គុករួចរាល់ហើយ បន្ទាប់ពីបែកការណ៍ត្រឹមអភិបាលខេត្តមានការសង្ស័យ។


ការចាប់ខ្លួនជំទាវនេះ ធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០២៣ ក្នុងក្រុងពោធិ៍សាត់។ លោក ម៉ូលីដា ស្នងការរងទទួលផែនព្រហ្មទណ្ទ នៃស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍សាត់បានបញ្ជាក់ឱ្យដឹងថា ស្ត្រីជាប់ចោទ ឈ្មោះ ហ៊ីម មុំ អាយុ៥៣ឆ្នាំ ទីកន្លែងកំណើត ភូមិកោះដាច់ ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្ដាល និងមានទីលំនៅ មុនពេលឃាត់ខ្លួន ផ្ទះលេខ២៤ ផ្លូវលេខ១០៨ ភូមិ១៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។


ជននេះត្រូវបានលោកឡុញ ច័ន្ចចេតនា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តពោធិ៍សាត់ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន ក្នុងសំណុំរឿងស៊ើបសួរលេខ២៤៥ ចុះថ្ងៃទី០៤ ខែឧសភាឆ្នាំ ២០២៣នេះ ពីបទឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅ ភូមិឯកភាព ឃុំថ្មដា ស្រុកវាល វែងក្នុងអំឡុងខែកក្កដាឆ្នាំ២០២១កន្លងទៅ។ ដោយបោក ប្រាស់ជនរងគ្រោះម្នាក់ដែលបានមកដាក់ពាក្យបណ្ដឹងនៅតុលាការអស់ទឹកប្រាក់ចំនួន ១៧ ៧០០ដុល្លារ ជាថ្នូ រនិងរត់ការចូលក្របខ័ណ្ឌនគរបាលហើយ និងមានអ្នកខ្លះទៀតអស់ចំនួន១៨ ០០០ដុល្លារ ១៥ ០០០ដុល្លារ ដែលនឹងត្រៀមដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់ទៀត និងពលរដ្ឋជាច្រើននាក់ផ្សេងទៀតត្រូវស្ត្រីខាងលើឆបោកតាមរូបភាពផ្សេងៗ អស់ប្រាក់ពី៥ទៅ៦លានរៀលផងដែរ។


បើតាមប្រភពពីអាជ្ញាធរសមត្ថកិច្ចក្នុងខេត្តពោធិ៍សាត់បានឱ្យដឹងថា នៅរៀងរាល់កម្មពិធីផ្សេងៗរបស់ថ្នាក់ដឹកនាំ គេតែងតែសង្កេតឃើញវត្តមាន ស្ត្រីខាងលើចូលរួមអង្គុយជាកិត្តិយស និងថតរូបស្ទើរគ្រប់កម្មពិធីទាំងអស់ដោយហៅថាជាលោកជំទាវៗ ចាប់តាំងពីជំនាន់ ឯកឧត្តម ម៉ៅ ធនីន ជាចៅហ្វាយខេត្តពោធិ៍សាត់មកម្ល៉េះ ដែលគ្មាននណាម្នាក់បានដឹងថា ជាជំទាវបន្លំខ្លួន ដើម្បីបង្ហាញឱ្យគេឃើញថា ខ្លួនអស្ចារ្យ ធ្វើឱ្យពលរដ្ឋមានទំនុកចិត្ត ចាញ់បោកលុយអស់រាប់សិបម៉ឺនដុល្លារ។ ទើបបែកការត្រឹមលោក ខូយ រីដា អភិបាលខេត្តចាប់អារម្មណ៍ មានការសង្ស័យ ដាក់ផែនការឱ្យអាជ្ញាធរនិងកម្លាំងសមត្ថកិច្ចស៊ើបអង្កេត លេចធ្លាយចេញជាករណីឆបោកប្រជាពលរដ្ឋ និងមានបណ្ដឹងចាប់ខ្លួនញាត់គុកតែម្ដង៕


ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News