27 C
Phnom Penh
Sunday, June 26, 2022

គ្រោះ ថ្នាក់ចរាចរណ៍បន្តបង្កសោកនាដកម្មដល់គ្រួសារជនរងគ្រោះ

កាលពីខែឧសភា កន្លងទៅនេះ គ្រួសាររបស់អ្នកស្រី យីម ចិន្តា ដែលជាអាជីវករអាយុ៤៣ឆ្នាំ នៅខេត្តកំពង់ចាម មានសេចក្តីសោមនស្សរីករាយក្រៃលែង នៅពេលដែលកូនស្រីច្បងរបស់ អ្នកស្រីបាន រៀបអាពាហ៍ពិពាហ៍ជាមួយយុវជនស្រស់សង្ហាម្នាក់។

ប៉ុន្តែក្តីសោមនស្សរបស់គ្រួសារមួយនេះ បានប្រែក្លាយទៅជាសោកនាដកម្មដ៏ជូរចត់ នៅពេលដែលប្តីរបស់អ្នកស្រី ចិន្តា បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។

អ្នកស្រី ចិន្តា បាននិយាយថា៖ “ប្តីខ្ញុំទៅឡើងផ្ទះបងប្អូននៅភ្នំពេញ ហើយនៅពេលយប់បន្តិចគាត់ទូរសព្ទប្រាប់ខ្ញុំថា ប្រហែលបន្តិចទៀតគាត់នឹងត្រឡប់មកផ្ទះវិញហើយ។ ប៉ុន្តែប្រាំនាទី ក្រោយមកខ្ញុំបានទទួលដំណឹងថា គាត់ជួបគ្រោះថ្នាក់ចរាចរណ៍” ។

សារ ព័ត៌មាន ក្នុងស្រុក បាន រាយការណ៍ថា រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿងបាន បើកកៀរម៉ូតូប្តីរបស់អ្នកស្រី ចិន្តាឱ្យដួលទៅលើថ្នល់រួចកិន អ្នកបើកបរពាក់កណ្តាលខ្លួនបណ្តាលឱ្យស្លាប់ នៅពេលដែលគាត់កំពុងធ្វើដំណើរត្រឡប់មកផ្ទះ វិញ។

អ្នកស្រី ចិន្តា បាននិយាយទាំងទឹកភ្នែករលីងរលោងថា ៖ “ពេលនេះ ខ្ញុំវិលវល់អស់ហើយ ព្រោះខ្ញុំមានកូនច្រើន ហើយប្តីខ្ញុំជាអ្នកធ្វើការ រកលុយចិញ្ចឹមគ្រួសារ។ ប៉ុន្តែ ឥឡូវនេះខ្ញុំមិនដឹងថា កូនខ្ញុំកំពុងរៀនបីនាក់ទៀត នឹងបានរៀនចប់ចុងចប់ដើមឬទេ”។

ទោះបីជាយ៉ាងណា មានគ្រួសារជនរងគ្រោះជាច្រើននាក់ទៀត ដែលត្រូវរួមរឹតដោយទុក្ខសោក និងសោកនាដកម្មដូចគ្រួសារអ្នកស្រី ចិន្តា ដែរ បន្ទាប់ពីសមាជិកគ្រួសាររបស់ពួកគេបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ។

គ្រាន់តែនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ដែលជាថ្ងៃដែលស្វាមីរបស់អ្នកស្រី ចិន្តា បានជួបគ្រោះថ្នាក់នោះ អគ្គស្នងការដ្ឋាន នគរបាលជាតិបានរាយការណ៍ថាមានករណីគ្រោះថ្នាក់ចរាចរណ៍សរុប៩ករណីនៅទូទាំង ប្រទេស ដែលបណ្ដាលឱ្យមនុស្សស្លាប់៦នាក់ និងរបួសធ្ងន់ស្រាល៦នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមាន៖ បត់ឆ្វេងស្តាំ មិនបានប្រុងប្រយ័ត្ន ប្រជែងគ្នា ឬបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។

លោក អ៊ុតពុទ្ធារ៉ា អាយុ៣២ឆ្នាំ ជាមន្រ្តីឥណទាន ធនាគារមួយនៅខេត្តកណ្តាល បាននិយាយថា ប្អូនស្រីពៅរបស់លោកក៏បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ មួយកាលពីបី ឆ្នាំមុន នៅពេលដែលម៉ូតូមួយរបស់យុវជនពីរនាក់ បានបើកយ៉ាងលឿនមកបុកម៉ូតូប្អូនស្រីរបស់លោក។ លោកពុទ្ធារ៉ា បាននិយាយថា៖ “ប្អូនស្រីខ្ញុំអាយុ១៨ឆ្នាំ ពេលនោះនាងកំពុង រៀនថ្នាក់ទី១១ហើយ។ បន្ទាប់ពីប្អូនស្រីខ្ញុំស្លាប់ ម្តាយរបស់ខ្ញុំបានបាត់បង់ភាពជាមនុស្សដឹងខុសដឹងត្រូវដូចមុន។ ការស្លាប់របស់ប្អូនខ្ញុំធ្វើឱ្យ គាត់ទទួលរងការឈឺចាប់ផ្លូវចិត្តក្រៃលែង”។

លោក ពុទ្ធារ៉ា បាននិយាយថា អាជ្ញាធរចាំបាច់រឹតបន្តឹង ការអនុវត្តច្បាប់ចរាចរណ៍ឱ្យកាន់តែតឹងរឹង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងដើម្បីកុំឱ្យគ្រួសារជនរងគ្រោះរួមរឹតដោយទុក្ខសោក និងសោកនាដកម្មដូចគ្រួសាររបស់លោក។

លោក ពុទ្ធា រ៉ា បាននិយាយថា៖ “បើអ្នកបើកបរយានយន្តគោរពច្បាប់ចរាចរណ៍ត្រឹមត្រូវ យើងប្រាកដជាអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន។ អាជ្ញាធរគួរត្រួតពិនិត្យ ឱ្យម៉ឺងម៉ាត់ ជាពិសេសរថយន្តធំៗ ដែលច្រើនបង្កគ្រោះថ្នាក់ជាងគេ”។

លោក អ៊ុយ ពៅ អាយុ៦០ឆ្នាំ ជាអ្នករស់នៅរាជធានីភ្នំពេញ បាននិយាយថា គាត់អាណិតក្មួយរបស់គាត់ ដែលបានក្លាយជាក្មេងកំព្រាឪពុក ទាំងវ័យកុមារ នៅពេលដែល ប្អូនជីដូនមួយរបស់គាត់បានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ជាច្រើនឆ្នាំមុន។

លោក ពៅ បាននិយាយថា៖ “ឪពុកមារបស់ ខ្ញុំបានធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ បន្ទាប់ពីកូនប្រុសរបស់គាត់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដូចម្តាយមីងរបស់ខ្ញុំដែលត្រូវឡានបុក ពេលគាត់កំពុងជិះកង់ចេញពីកន្លែងធ្វើការ កាលពីទសវត្សរ៍៨០”។

លោក ពៅ បាននិយាយថា ក្រៅពីអាជ្ញាធរ សហគមន៍ និងគ្រួសារនីមួយៗ អាចចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយពង្រឹងនូវការគោរពច្បាប់ចរចរណ៍ឱ្យបានខ្ជាប់ខ្ជួន។

លោក ពៅ បាននិយាយថា៖ “បើយើងទាំងអស់គ្នាមិនបំពានច្បាប់ចរាចរណ៍ ពេលនោះ គ្រោះថ្នាក់នឹងថយចុះជាមិនខាន។ យើងត្រូវគិតថា ជីវិតមនុស្សម្នាក់ៗមានតម្លៃណាស់”។

គួរបញ្ជាក់ថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នឹងធ្វើសេចក្តីព្រាងច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោកថ្មី ដោយសារច្បាប់ដែលមានស្រាប់មិនទាន់មានភាពតឹងរ៉ឹងគ្រប់គ្រាន់ និងមានការផាកពិន័យស្រាល។

កន្លងមក លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា លោកនឹងដឹកនាំធ្វើ សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ព្រោះច្បាប់ដែលមានស្រាប់មិនអាចធ្វើវិសោធនកម្ម បាន។

លោកមានប្រសាសន៍ថា ច្បាប់ចាស់មានមាត្រាច្រើនពេកដែលត្រូវធ្វើវិសោធនកម្ម ដោយ បន្ថែមថា ច្បាប់ថ្មីនឹងតឹងរ៉ឹងជាងនេះ។

លោក ស ខេង អំពាវនាវឱ្យប្រជាពលរដ្ឋ គោរពច្បាប់ចរាចរណ៍ ព្រោះគ្រោះថ្នាក់ចរាចរណ៍ កាន់តែកើនឡើង ចាប់តាំងពីរដ្ឋាភិបាលបើកប្រទេសឡើងវិញ។

លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថា៖ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែល ប្រើប្រាស់ផ្លូវដោយប្រើប្រាស់ មធ្យោបាយធ្វើដំណើរគ្រប់បែបយ៉ាង សូមចូលរួមគោរពច្បាប់ឱ្យបានច្រើន”៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត