28 C
Phnom Penh
Sunday, October 2, 2022

គ្រួសារមួយរស់នៅ៣៥ឆ្នាំខេត្តសៀមរាបរងការបណ្តេញចេញពីផ្ទះ

សៀមរាប ៖ ស្ត្រីម្នាក់ជាកូនបំណុល ក្នុងសំណុំរឿងអនុវត្តលេខ៦០ ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ របស់អាជ្ញាសាលា នៃសាលាដំបូងខេត្តសៀមរាប ដែលមាន លោក យិត ខាវ សមាជិកក្រុមប្រឹក្សា ខេត្តសៀមរាប ជាម្ចាស់បំណុលបានសុំឱ្យសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួយធ្វើអន្តរាគមន៍ ដោះស្រាយគោលនយោបាយមនុស្សធម៌ ក្នុងខណៈដែលនាង និងក្រុមគ្រួសារប្រឈម នឹងការ បណ្តេញចេញពីផ្ទះ ដែលបានរស់នៅអស់រយះពេល ជាង៣៥ឆ្នាំ ក្នុងគ្រាដែលនាងមិនមានលំនៅដ្ឋាន ណាផ្សេង ពីនេះដើម្បីស្នាក់នៅនោះទេ ។ ដូច្នេះតើឱ្យនាង និងក្រុមគ្រួសារ៤នាក់ទៀត ទៅរស់នៅទីណា? ។

ស្ត្រីរូបនេះឈ្មោះ សាម ចាន់ ហៅ ចៅ យុគចាន់ អាយុ៤១ឆ្នាំ មានទីលំនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានអះអាងថា នាងមិនប្រឆាំង នឹងការសម្រេចរបស់តុលាការទេ ប៉ុន្តែដោយសារនាងរស់នៅលើផ្ទះ ទំនាស់នេះ រយៈពេល៣៥ឆ្នាំ បង្កើតជាគ្រួសារមួយ មានសមាជិក ចំនួន៥នាក់ ទើបនាងស្នើសុំ ឱ្យមានការដោះស្រាយគោល នយោបាយមនុស្សធម៌ ស្របតាមគោលការណ៍ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ។

ស្ត្រីរូបនេះបានរំលឹកថា ដោយយោងតាមលិខិតសុំអន្តរាគមន៍ ស្នើសុំដោះស្រាយតាមគោល នយោបាយមនុស្សធម៌នោះ លោក អង្គ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួងយុត្តធម៌ បានចេញលិខិត លេខ២០០កយ អកអ១៧ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧កន្លងទៅ ដោយជំរាបមកលោកប្រធាន និងលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ពិនិត្យដោះស្រាយជាសមត្ថកិច្ច ។ ដោយគ្មានដំណោះស្រាយ ទើបនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ លោក អង្គ វង្សវឌ្ឍនាបានចារលើលិខិតរដ្ឋបាល លេខ២៦១ ដោយចាត់ឲ្យ លោកប្រាក់ សាវុធ ទីប្រឹក្សាក្រសួងយុត្តិធម៌ ទទួលបន្ទុក អាជ្ញាសាលាពិនិត្យ និងចាត់ចែងលើការស្នើសុំដោះស្រាយ តាមគោលនយោបាយមនុស្សធម៌ របស់ស្ត្រីឈ្មោះ សាម ចាន់ នេះបន្តទៀត តែមិនមាន ដំណោះស្រាយដដែល បែរជាលេចចេញនូវការ កំណត់ឲ្យរុះរើផ្ទះចេញទៅវិញ ធ្វើឲ្យនាងតក់ស្លុត ក្នុងចិត្តយ៉ាងខ្លាំង។

ឈ្មោះសាម ចាន់ បានរៀបរាប់ថា កាលពីអាយុ៦ឆ្នាំ នាងត្រូវបានលោកតា ចៅ យ៉ាំ និង ប្រពន្ឋឈ្មោះ យិត ឡាង សុំយកមកចិញ្ចឹម និងរស់នៅជាមួយក្នុង នាមជាកូនចៅលើផ្ទះទំនាស់ ស្ថិតនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប តាំងពីឆ្នាំ១៩៨៦ ក្នុងអំឡុងពេល ដែលទាហានខ្មែរក្រហម ឧស្សាហ៍ចេញចូលអុកឡុក ក្នុងភូមិមកម៉្លេះ ដោយមានចាស់ទុំ និងអាជ្ញាធរមូលដ្ឋាន ធ្វើជាសាក្សី ។ លុះមកដល់ឆ្នាំ១៩៩៨ លោកតា ចៅ យ៉ាំ និងប្រពន្ឋឈ្មោះយិត ឡាង បានរៀបការនាងជាមួយនឹងប្តីឈ្មោះសុច ច្រឹង និងមានកូនបីនាក់ រស់នៅលើដីផ្ទះទំនាស់នេះ រហូតមកដល់សព្វថ្ងៃ ដោយបានចុះស្ថិតិក្នុងសៀវភៅស្នាក់នៅត្រឹមត្រូវ ពិសេសយាយតាពុំទាន់ បានចែកទ្រព្យសម្បត្តិឬដីធ្លីផ្ទះសំបែងឱ្យនោះទេ។ ចំណែកលោកយិត ខាវ ជាម្ចាស់បំណុលនិងកូនៗ របស់លោកតា ចៅ យ៉ាំ មិនដែលបានមករស់ នៅលើដីនិងផ្ទះទំនាស់នេះទេ គឺគ្រាន់តែមកលេង ម្តងម្កាលពេលបុណ្យទានប៉ុណ្ណោះ ។ ដោយឡែកពួកគេទាំងអស់នេះ សុទ្ឋសឹងមានផ្ទះសំបែងរស់នៅរៀងៗខ្លួន គឺខ្លះនៅរាជធានីភ្នំពេញ ខ្លះនៅខេត្តសៀមរាប និងខ្លះទៀតនៅសហរដ្ឋអាមេរិក ។ បន្ទាប់មក នៅឆ្នាំ២០០៦ លោកតា ចៅ យ៉ាំ ស្លាប់នៅខេត្តសៀមរាប និង នៅឆ្នាំ២០១២ លោកយាយ យិត ឡាង បានស្លាប់នៅសហរដ្ឋអាម៉េរិក ។

នាងសាម ចាន់ បានអះអាង ប៉ុន្តែនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ឈ្មោះយិត ខាវ និងប្រពន្ឋឈ្មោះសោ ប៊ុនណាវី បានដាក់ពាក្យ បណ្តឹងទៅ សាលាដំបូង ខេត្តសៀមរាប ប្តឹងសុំកាន់កាប់និងគ្រប់គ្រងលើដី និងផ្ទះទំនាស់នេះដោយ យោងលើលិខិតគ្រប់គ្រងដីនិងផ្ទះ ដែលចុះហត្ថលេខា ដោយលោកមេឃុំ សំរោង តាំងពីសាលាដំបូង រហូតដល់តុលាការកំពូល ។ ចុងក្រោយតុលាការកំពូល បានសម្រេចប្រគល់ដី និងផ្ទះទំនាស់នេះ ទៅអោយឈ្មោះយិត ខាវ និងប្រពន្ឋឈ្មោះសោ ប៊ុនណារី ជាអ្នកកាន់កាប់និងគ្រប់គ្រងតាមអំណាចសាលដីកាលេខ ១០៦”ជ” ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ។ ចំពោះការសម្រេចខាងលើនេះ នាងមិនជំទាស់នោះទេ ប៉ុន្តែដោយសារនាងខ្ញុំរស់នៅលើដីនិងផ្ទះទំនាស់នេះ និងបានបម្រើលោកតាចៅ យ៉ាំ និង លោកយាយ យិត ឡាង តាំងពីអាយុ៦ឆ្នាំ រហូតមកដល់តាយាយស្លាប់ ពុំមានដីឬផ្ទះសម្រាប់រស់នៅ ក្រៅពីដីនិងផ្ទះទំនាស់ខាងលើនេះទេ ទើបនាងខ្ញុំ បានស្នើសុំការដោះស្រាយ តាមគោលការណ៍មនុស្សធម៌ ជាច្រើនលើកច្រើនសារតាមរយៈ លោក អង្គ វង្សវឌ្ឍនា អតីតរដ្ឋមន្ត្រីក្រសួង យុត្តធម៌តែលោក យិត ខាវ មិនព្រមដោះស្រាយសោះ ទើបនាងស្នើសុំ ឱ្យសម្តេចតេជោ ហ៊ុនសែន មេត្តាជួយធ្វើអន្តរាគមន៍ ដើម្បីដោះស្រាយគោល នយោបាយ មនុស្សធម៌ស្រប តាមគោលនយោបាយឈ្នះ ឈ្នះ ដោយក្តីអនុគ្រោះ៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត