គ្រាប់រ៉ុកកែតរបស់ចិនដែលបង្ហោះទៅទីអវកាស បានធ្លាក់មកផែនដីវិញ នៅលើមហាសមុទ្រឥណ្ឌា កាលពីថ្ងៃសៅរ៍ ទី២០ ខែកក្កដា ប៉ុន្តែអង្គការ NASA និយាយថា ទីក្រុងប៉េកាំងព្យាយាមបិទបាំងព័ត៌មាន ជាពិសេសទីកន្លែងដែលកំទេចកំទីនៃគ្រាប់រ៉ុកកែតធ្លាក់ចំ។
បញ្ជាការអវកាសសហរដ្ឋអាមេរិក បានឱ្យដឹងថា គ្រាប់រ៉ុកកែត Long March 5B ទម្ងន់ប្រមាណ ២២.៥តោន បានធ្លាក់ចូលទៅក្នុងមហាសមុទ្រឥណ្ឌាជាច្រើនថ្ងៃមកហើយ ប៉ុន្តែចិនមិនបានប្រកាសព័ត៌មានអ្វីឡើយ ខណៈទីតាំងដែលអាចរងផលប៉ះពាល់នៃការបែកខ្ចាត់ខ្ចាយរបស់កំទេចកំទីរ៉ុកកែត ក៏ពុំបង្ហាញជាសាធារណៈដែរ។


ដោយឡែក អ្នកគ្រប់គ្រងអង្គការ NASA លោក Bill Nelson មានប្រាសន៍ថា គ្រប់ប្រទេសដែលធ្វើដំណើរទៅទីអវកាសទាំងអស់ ត្រូវចែករំលែកព័ត៌មាននានាពាក់ព័ន្ធនឹងរ៉ុកកែតរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យមានការព្យាករណ៍ដែលអាចទុកចិត្តបានអំពីហានិភ័យនៃផលប៉ះពាល់នៃកំទេចកំទីរបស់វា។
កាលពីដើមសប្តាហ៍នេះដែរ ក្រុមអ្នកវិភាគនិយាយថា តួគ្រាប់រ៉ុកកែតរបស់ចិនដែលបានធ្លាក់មកផែនដី អាចធ្វើអោយមានហានិភ័យធ្លាក់ភ្លៀងនៅលើផ្ទៃដីប្រហែល ១៤០,០០០ គីឡូម៉ែត្រការ៉េ។


ចំពោះរឿងនេះ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោនមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ ខណៈប្រទេសចិនថ្លែងកាលពីដើមសប្តាហ៍នេះថា ខ្លួននឹងតាមដានយ៉ាងដិតដល់នូវកំទេចកំទីដែលខ្ចាត់ខ្ចាយ ហើយថាវាមានហានិភ័យតិចតួចប៉ុណ្ណោះ៕
ដោយ៖ ពុទ្ធិញ៉ូស៍
Telegram Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News