32 C
Phnom Penh
Saturday, June 25, 2022

គ្រាប់បែកកែច្នៃមួយគ្រាប់ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណបង្កប់ក្នុងប្រអប់ ផ្ញើតាមរយៈក្រុមហ៊ុនមួយនៅខេត្តប៉ៃលិន

ប៉ៃលិន៖ ជនមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលបានទាក់ទងផ្ញើប្រអប់មួយតាមរយៈក្រុមហ៊ុន J&T ហើយត្រូវបានក្រុមហ៊ុននេះ មានការសង្ស័យក៏បើកមើល ស្រាប់តែប្រទះឃើញគ្រាប់បែកកែច្នៃចំនួន ១គ្រាប់ បង្កប់នៅខាងក្នុងប្រអប់នោះ បង្កឱ្យមានការភ្ញាក់ផ្អើល។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ៦:២០នាទីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីមានជនមិនស្គាល់អត្តសញ្ញាណបានទូរស័ព្ទមកក្រុមហ៊ុន J&T តាមរយៈទូរស័ព្ទលេខ ០១១ ២១៧ ០៤៤ ហើយប្រាប់ថា ឱ្យទៅយកអីវ៉ាន់នៅចំណុចតារាងបាល់ ខាងកើតរូបសំណាកលោកយាយយ៉ាត ស្ថិតក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

រហូតដល់ម៉ោង ៦:៥៤នាទីយប់ បុគ្គលិកក្រុមហ៊ុនបានទៅយកអីវ៉ាន់ពីជនមិនស្គាល់អត្តសញ្ញាណ នៅចំណុចខាងលើ ហើយជននោះបានប្រាប់ទៅខាងក្រុមហ៊ុនមិនឱ្យបើកមើលអីវ៉ាន់នោះទេ។ លុះក្រោយពេលយកមកដល់ក្រុមហ៊ុន ខាងក្រុមហ៊ុនកើតក្តី្តសង្ស័យ ព្រោះមានការវិចខ្ចប់មិនត្រឹមត្រូវ ក៏បានបើកមើល ស្រាប់តែមានអណ្តាតភ្លើងឆេះឡើង ប៉ុន្តែត្រូវបានបុគ្គលិកយកទឹកចាក់ពន្លត់ទាន់។

យោងតាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ថា អីវ៉ាន់នេះមានគោលដៅផ្ញើទៅសង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានអ្នកទទួលកាន់ទូរស័ព្ទពីរខ្សែគឺលេខ ០៨៦ ២២៤ ៤៤០ និង០១២ ៤០៥ ៧១៦។ ក្នុងករណីនេះ សមត្ថកិច្ចកំពុងធ្វើការស៊ីបអង្កេតស្រាវជ្រាវចាប់ខ្លួនជនពាក់ព័ន្ធដើម្បីផ្តន្ទាទោសតាមច្បាប់។

នៅក្រោយកើតហេតុភ្លាម មន្ត្រីជំនាញរបស់អង្គការ CMAC បានចុះទៅធ្វើការត្រួតពិនិត្យ និងបានបញ្ជាក់ថា អីវ៉ាន់នេះ ជាប្រភេទគ្រាប់បែកកែច្នៃ ដែលមានកម្លាំងផ្ទុះស្មើនឹងកម្លាំងផ្ទុះរបស់មីនតោនចំនួនមួយគ្រាប់ រួចក៏យកទៅរក្សាទុករង់ចាំកម្ទេចចោលជាក្រោយ៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត