

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ គម្រោងអាកាសយានដ្ឋានអន្តរជាតិតជោ បច្ចុប្បន្នសម្រេចបាន៣០ភាគរយហើយ ត្រូវនឹងទឹកប្រាក់សរុប៣៩០លានដុល្លារអាមេរិក ដែលតម្លៃនេះ មិនរាប់បញ្ចូលតម្លៃដី ដែលត្រូវបានវិនិយោគរួច ដោយក្រុម Cambodia Airport Investmant Co., Ltd ហៅកាត់ថា CAIC នោះទេ។


នេះបើយោងតាមការឱ្យដឹងពីក្រុមហ៊ុន CAIC នៅក្នុងពិធីចុះហត្ថលេខា រវាងក្រុមហ៊ុន CAIC តំណាងដោយលោក ឆារស៍ វ៉ាន់ អគ្គនាយករង និងធនាគារ អេស៊ីលីដា ភីអិលស៊ី តំណាងដោយបណ្ឌិត អ៊ុន ចាន់នី ជាប្រធាននាយកប្រតិបត្តិ ក្រោមអធិបតីភាពរបស់អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ សម្រាប់ការទិញសញ្ញាបណ្ណមានបុគ្គលធានា ទឹកប្រាក់ចំនួន៣០លានដុល្លារអាមេរិក របស់គម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ។


ក្រុមហ៊ុនបានបន្ថែមថា ទឹកប្រាក់៣០លានដុល្លារនាពេលនេះ នឹងត្រូវប្រើប្រាស់សម្រាប់ការសាងសង់ និងការអភិវឌ្ឍន៍ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលមានទីតាំង នៅខេត្តកណ្តាល។


ការចូលរួមទិញសញ្ញាបណ្ណជាបន្តបន្ទាប់ របស់ធនាគារក្នុងស្រុកនេះ បានធ្វើឡើង ស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងឱកាសពិនិត្យវឌ្ឍនភាព សាងសង់អាកាសយានដ្ឋាន កាលពីពេលកន្លងទៅ ដោយសម្តេចបានចាត់ទុកថា ការចូលរួមទិញសញ្ញាបណ្ណនេះ គឺជាការចូលដល់ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលកាត់បន្ថយនូវការប្រើប្រាស់ទុន ពីក្រៅប្រទេស។


សូមជម្រាបថា CAIC គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលតំណាងដោយរដ្ឋលេខាធិការដ្ឋាន អាកាសចរស៊ីវិល និង ក្រុមហ៊ុន OCIC។ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិឱ្យក្រុមហ៊ុន CAIC ក្នុងការកាន់កាប់ រចនាប្លង់ សាងសង់ ធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងប្រតិបត្តិការ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជា។


គួរជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ បានចាប់ផ្តើមសាងសង់ កាលពីខែមករា ឆ្នាំ២០២០ ដោយចែកចេញជា៣ដំណាក់កាល ក្នុងនោះទីតាំងស្ថានីយទី១ នឹងសាងសង់រួចរាល់ នៅឆ្នាំ២០២៣ខាងមុខ ដោយនឹងអាចទទួលអ្នកដំណើរ បានប្រមាណ១៣លាននាក់ ក្នុងមួយឆ្នាំ ឯស្ថានីយតំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ២០៣០ អាចទទួលបានអ្នកដំណើរប្រមាណ៣០លាននាក់ ក្នុង១ឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ២០៥០ ដែលអាចនឹងទទួលបានអ្នកដំណើរ រហូតដល់៥០លាននាក់ ក្នុងមួយឆ្នាំ។ គម្រោងទាំងមូល នឹងត្រូវចំណាយទឹកប្រាក់សរុប១.៥០០លានដុល្លារ មិនបូកបញ្ចូលតម្លៃដី៕
អត្ថបទ និងរូបភាពដោយ៖ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews