32 C
Phnom Penh
Monday, September 9, 2024

គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដានេះ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ បានស្រកទៅវិញអស់ហើយ

(ភ្នំពេញ)៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់បណ្ដាញព័ត៌មានពុទ្ធិញូវ ឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ ដែលបានហក់ឡើងប៉ុន្មានថ្ងៃ បានស្រកទៅវិញហើយ ខណៈស្ថានការណ៍នៃ ការគំរាមកំហែងដល់ក្រុងពោធិ៍សាត់ ក៏មិនមានទៀតនោះដែរ។

អ្នកនាំពាក្យក្រសួងធនធានទឹករូបនេះ បានថ្លែងយ៉ាងដូច្នេះថា «គិតត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ទឹកស្ទឹងពោធិ៍សាត់ បានស្រកអស់ទៅវិញហើយ ហើយវាក៏នឹងបន្ដស្រកទៀត»។

បើតាមលោក ចាន់ យុត្ថា ស្ថានភាពកាលពីម៉ោង១២រំលងអធ្រាត្រកន្លងទៅនេះ ទឹកបានហក់ឡើងដល់៥.៣៩ម៉ែត្រ ដូចអ្វីដែលជាការព្យាករណ៍របស់មន្ដ្រីជំនាញ ប៉ុន្ដែនៅពេលនេះបានស្រកទៅវិញ។ ប៉ុន្ដែបើទោះបីជាយ៉ាងណា មន្ដ្រីជំនាញពាក់ព័ន្ធក៏នៅតែបន្ដតាមដានស្ថានភាពទឹកស្ទឹងពោធិ៍សាត់នេះ បន្ដទៀតផងដែរ។

សូមជម្រាបថា នាយឧត្ដមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក៏បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Puthi News នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះថា ស្ថានភាពជំនន់ទឹកភ្លៀងនៅផ្នែកខាងលើខេត្តពោធិ៍សាត់ បានស្រកចុះអស់ហើយ ខណៈទឹកបានហូរធ្លាក់តាមស្ទឹងពោធិ៍សាត់ចូលក្រុង។

ឆ្លើយតបបញ្ហានេះ មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានបើកទ្វារបញ្ចៀសទឹកចេញទៅតាមប្រឡាយ ខណៈកម្លាំងអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានត្រៀមខ្លួនរាល់ហើយ ដើម្បីប្រតិបត្តិការជួយជម្លៀសប្រជាពលរដ្ឋរស់នៅតាមបាត់ស្ទឹងពោធិ៍សាត់។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងពោធិ៍សាត់ ប្រយ័ត្នឲ្យបានខ្ពស់ចំពោះស្ថានភាពជំនន់ទឹកភ្លៀងនេះ ដើម្បីចៀសវាងបញ្ហាណាមួយកើតឡើងជាយថាហេតុ។

ទេសរដ្ឋមន្ត្រី គន់ គីម បានបន្ថែមថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានតាមដានជាប់ពីស្ថានភាពទឹកនេះ ដោយបានណែនាំដល់មន្ត្រីមូលដ្ឋានត្រូវពិនិត្យឲ្យបានច្បាស់លាស់ពីការវិវត្តន៍នៃស្ថានភាពជំនន់ទឹកភ្លៀងនេះ ដើម្បីធ្វើយ៉ាងណាកុំឲ្យលិចលង់ ប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋ៕
ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img