ស្តាប់អត្ថបទជាសំឡេង
សៀមរាប៖ អាជ្ញាធរជាតិអប្សរា និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ដែលសហការជាមួយព្រះសង្ឃ បានរួមគ្នាដាំកូនឈើប្រមាណ ២,០០០ដើម នៅបរិវេណវត្ត ឥន្ទបត្តបុរី(អង្គរខាងជើង)ដើម្បីប្រែទីនោះ ឱ្យក្លាយទៅជាសួនទេសភាពវប្បធម៌
លោកឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ថា ការរៀបចំដាំកូនឈើនៅវត្តឥន្ទបត្តបុរីពេលនេះមិនមែនសំដៅតែលើការលើកតម្លៃទេសភាពវប្បធម៌ដែលពាក់ព័ន្ធជាមួយវត្តអារាមនៅទីនោះឡើយ សំខាន់ គឺការផ្សារភ្ជាប់ការរៀបចំទីអារាមនេះទៅក្នុងតម្លៃលេចធ្លោជាសាកលរបស់រមណីយដ្ឋានអង្គរ ដែលរមណីយដ្ឋាននេះមិនត្រឹមតែជាអត្តសញ្ញាណជាតិរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិទាំងមូល។

ជាមួយគ្នានេះលោក យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល បានវាយតម្លៃខ្ពស់ ចំពោះពិធីដាំកូនឈើ នៅពេលនេះ ថាជាការចូលរួមចំណែកយ៉ាងសំខាន់ដើម្បីបំពេញបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរជាតិអប្សរា ក្នុងក្របខណ្ឌកែលម្អបរិស្ថានក្នុងតំបន់អង្គរ ពីព្រោះថា ដើមឈើមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្ស និងបរិស្ថាន។

សូមបញ្ជាក់ថានេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរជាតិអប្សរា បានដាំដុះដើមឈើឡើងវិញនៅក្នុងបរិវេណឧទ្យានអង្គរ។ ចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់ពេលនេះ កូនឈើប្រណីតៗមាន បេង នាងនួន ធ្នង់ គ្រញូង និងកូនឈើចម្រុះជាច្រើនទៀត សរុបប្រមាណជាង២លានដើមហើយ ដែលអាជ្ញាធរជាតិអប្សរាបានដាំនៅក្នុងតំបន់ឧទ្យានអង្គរ។ ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏មានស្ថានីយបណ្តុះកូនឈើ ចំនួន១០ទីតាំង ដែលមានលទ្ធភាពបណ្តុះកូនឈើជាច្រើនម៉ឺនដើមក្នុងមួយឆ្នាំៗ ដើម្បីដាំដុះនិងចែកជូនសាធារណជនផង៕





អត្ថបទ និងរូបភាពដោយ៖ Puthinews
Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន