26.3 C
Phnom Penh
Thursday, June 23, 2022

…គណៈកម្មការអឺរ៉ុបបើកភ្លើងខៀវ​ឲ្យគេ​ទទួលយក​បេក្ខភាពអ៊ុយក្រែនជាសមាជិក​សហភាពអឺរ៉ុប

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរឡេយ៉េន នៅក្នុងសន្នីសិទ​កាសែត​នៅទីក្រុង​ព្រុចស៊ែល
គណៈកម្មការអឺរ៉ុប​បាន​ប្រកាស​គាំទ្រ​បេក្ខភាព​របស់​អ៊ុយក្រែន ដែល​ចង់​សុំ​ចូលជា​សមាជិក​របស់​សហភាពអឺរ៉ុប។ បន្ទាប់ពីនេះ សហភាពអឺរ៉ុប​នឹង​ពិចារណា​សំណើ​បេក្ខភាព​របស់​អ៊ុយក្រែន នៅក្នុងជំនួបកំពូល​អឺរ៉ុប​ដែល​ត្រូវ​ប្រព្រឹត្តទៅ​នៅថ្ងៃទី ២៣ និង​២៤​មិថុនា សប្តាហ៍ក្រោយ។ នៅថ្ងៃ​សុក្រ ប្រធានាធិបតី​អ៊ុយក្រែន លោក​ហ្សេឡេនស្គី​បាន​សរសេរ​សារ​ថ្លែងអំណរគុណ​សម្រាប់ការសម្រេចចិត្ត​របស់​គណៈកម្មការ​អឺរ៉ុប​ដែលលោក​ចាត់ទុក​ជា​ការបោះជំហានទី១​របស់​អ៊ុយក្រែន​នៅលើ​ផ្លូវ​ឆ្ពោះទៅក្លាយ​ជា​សមាជិក​របស់​សហភាពអឺរ៉ុប។

នៅក្នុង​សន្និសីទ​កាសែត​ កាលពីថ្ងៃ​សុក្រម្សិលមិញ ​ប្រធាន​គណៈកម្មការអឺរ៉ុប លោកស្រីអួរស៊ូឡា វ៉ុនឌែរឡេយ៉េន បានថ្លែងថា គណៈកម្មការអឺរ៉ុប​បាន​ដាក់អនុសាសន៍​សុំ​ឲ្យ​ក្រុមប្រឹក្សាអឺរ៉ុប​ផ្តល់​សញ្ញាវិជ្ជមាន​ដល់​អ៊ុយក្រែន ដែល​ចង់​ក្លាយ​ជា​សមាជិក​របស់​សហភាពអឺរ៉ុប។ “ប្រជាជន​អ៊ុយក្រែន​ត្រៀម​លះបង់ជីវិត ដើម្បី​ក្លាយជា​សមាជិកអឺរ៉ុប។ យើងក៏​ចង់ឲ្យ​ពួកគេរស់នៅ​ជាមួយយើង ដើម្បី​សុបិនអឺរ៉ុប។” នេះជា​ប្រសាសន៍បន្ថែម​របស់​ប្រធានគណៈកម្មការអឺរ៉ុប។

គណៈកម្មការអឺរ៉ុបបើក​ភ្លើងខៀវ​ទទួលយកបេក្ខភាព​របស់​អ៊ុយក្រែន បន្ទាប់ពី មេដឹកនាំ​ប្រទេស​អឺរ៉ុបធំ ដូចជា​បារាំង អាល្លឺម៉ង់ អ៊ីតាលី បាន​និយាយប្រាប់ប្រធានាធិបតីអ៊ុយក្រែន នៅទីក្រុង​កៀវ កាលពីថ្ងៃ​ព្រហស្បតិ៍ថា ពួកគេ គាំទ្រ​ពេញទំហឹង បេក្ខភាព​របស់​អ៊ុយក្រែនជាសមាជិក​សហភាពអឺរ៉ុប។

គណៈកម្មការអឺរ៉ុប​គាំទ្រ​បេក្ខភាព​អ៊ុយក្រែន​ជាសមាជិក​សហភាពអឺរ៉ុប ប៉ុន្តែ អ៊ុយក្រែន​ក៏ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ ដូចជា​ត្រូវ​ធ្វើកំណែទម្រង់​មួយចំនួន ជាពិសេស ទាក់ទង​រឿង​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​បញ្ហា​នីតិរដ្ឋ។ តាមប្រធានគណៈកម្មការអឺរ៉ុប នីតិវិធី​ចូលជាសមាជិក​សហភាពអឺរ៉ុប​អាច​ដំណើរការ​ទៅលឿន យឺត ឬ​ឈប់នៅទ្រឹង​តែម្តង គឺអាស្រ័យទៅលើ​ប្រទេសបេក្ខជន ព្រោះថា លក្ខខណ្ឌ​ទាមទារ​របស់​អឺរ៉ុប​មាន​ចែង​យ៉ាងច្បាស់ៗ​រួចហើយ។ នៅក្នុងសំណុំរឿង​ពុករលួយ ប្រធាន​គណៈកម្មការ​អឺរ៉ុប​វាយតម្លៃ​ថា ប្រជាជន​អ៊ុយក្រែន បាន​បោះឆ្នោត​ជ្រើសរើស​លោក​ហ្សេឡេនស្គី ជា​ប្រធានាធិបតី ក៏ព្រោះតែលោក​មាន​នយោបាយប្រឆាំង​នឹង​អំពើពុករលួយ។ អ៊ុយក្រែន​បានតាក់តែង​ច្បាប់​ដើម្បី​ប្រឆាំង​ការពង្រឹង​អំណាច​របស់​ក្រុមមហាសេដ្ឋី។ ដូច្នេះ គេនៅតែ​រង់ចាំ​មើល​ការអនុវត្តច្បាប់​ជាក់ស្តែងតែប៉ុណ្ណោះ។

តាមចំណាត់ថ្នាក់​របស់​អង្គការតម្លាភាពអន្តរជាតិ Transparancy International ស្តីពីអំពើពុករលួយ នៅ​ឆ្នាំ ២០២១ អ៊ុយក្រែន​ជាប់លេខរៀង​ទី ១២២ ក្នុងចំណោម​ប្រទេសចំនួន ១៨០ ពោល​គឺ​ស្ថិតនៅឆ្ងាយណាស់​បើប្រៀបធៀប​នឹង​ប្រទេស​សមាជិក​សហភាពអឺរ៉ុប។

ក្រៅពីអ៊ុយក្រែន គណៈកម្មការអឺរ៉ុប​បានផ្តល់​សញ្ញាវិជ្ជមាន​ផងដែរ សម្រាប់​បេក្ខភាពម៉ុលដាវី អតីតប្រទេស​សហភាពសូវៀត​មួយទៀត។ នៅក្នុងប្រវត្តិសហភាពអឺរ៉ុប នេះជាលើកទី១ ដែល​បេក្ខភាព​របស់​ប្រទេស​ចង់​ចូលជាសមាជិក ត្រូវបាន​គេគិតគូរ​ក្នុង​រយៈពេល​ដ៏ខ្លី។ សង្រ្គាមឈ្លានពាន​របស់​រុស្ស៊ី នៅ​អ៊ុយក្រែន​ជា​មូលហេតុចំបង​ដែល​ធ្វើឲ្យ​សហភាពអឺរ៉ុប​រួសរាន់ ពិចារណា​លើ​បេក្ខភាព​របស់​អ៊ុយក្រែន និងម៉ុលដាវី។

ម៉ូស្គូ បាន​តាមដាន យ៉ាងយកចិត្តទុកដាក់ ការប្រឹងប្រែង​របស់​អ៊ុយក្រែន​ដើម្បីសុំ​ចូល​ជាសមាជិក​សហភាពអឺរ៉ុប។ តាម​ការពន្យល់​របស់​លោក Dmitry Peskov អ្នកនាំពាក្យរដ្ឋាភិបាល​រុស្ស៊ី ម៉ូស្គូមានហេតុផល​តាមដាន​រឿងនេះខ្លាំង ព្រោះម៉ូស្គូដឹងថា កំពុងកើតមាន គំនិត​បំផុសឲ្យ​មានការពិភាក្សា​ស្តីពីការពង្រឹង​វិស័យ​កងទ័ព​នៅក្នុងរង្វង់​សហភាពអឺរ៉ុប៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត