30 C
Phnom Penh
Wednesday, December 7, 2022

ខ្មាន់កាំភ្លើងដែលបាញ់ប្រហារលើរថយន្ដអ្នកដំណើរនៅផ្លូវជាតិលេខ៦អា និងផ្លូវជាតិលេខ៤ ត្រូវកម្លាំងនគរបាលចាប់ខ្លួនបាននៅស្រុកអង្គស្នួល ខេត្តកណ្ដាល

(កណ្ដាល)៖ ខ្មាន់កាំភ្លើងម្នាក់ដែលបាញ់ប្រហារលើរថយន្ដអ្នកដំណើរនៅផ្លូវជាតិលេខ៦អា និងផ្លូវជាតិលេខ៤ ត្រូវកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួលស្រាវជ្រាវតាមចាប់ខ្លួនបាន នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

របាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ក្នុងហេតុការណ៍នេះមិនបណ្ដាលឱ្យពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ពោលគ្រាន់តែខូចខាតរថយន្ដរបស់អ្នកដំណើរពីរគ្រឿង។ ក្នុងនោះម្ចាស់រថយន្ដទី១៖ឈ្មោះ សួង បូនិច អាយុ៣៤ឆ្នាំ (ម្ចាស់រថយន្តកាមរីបាឡែន) ពាក់ផ្លាកលេខភ្នំពេញ 2BC-4568 ត្រូវចំទ្វាមុខ ខាងស្ដាំមួយគ្រាប់ និងទី២៖ឈ្មោះ ណាត បូផាន់ អាយុ២៧ឆ្នាំ (ម្ចាស់រថយន្តហាយឡែនឌ័រ) ពាក់ផ្លាកលេខភ្នំពេញ 2AD-4931 ត្រូវចំស្តុបឆ្វេង ខាងក្រោយមួយ១គ្រាប់ និងចំថ្ពល់មុខខាងឆ្វេងមួយគ្រាប់។

សមត្ថកិច្ចបានបញ្ជាក់ថា ខ្មាន់កាំភ្លើងដែលត្រូវបានឃាត់ខ្លួននេះឈ្មោះ ញឹក សុវុត្ថា ហៅស្រួច ហៅថាច (មានសារធាតុញៀន) អាយុ៣៧ឆ្នាំ មុខរបរអ្នកយកសារព័ត៌មាន សង្គមអភិវឌ្ឍន៍ នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងនោះដកហូតបាន វត្ថុតាងចាប់យកអាវុធខ្លីម៉ាក G-Lock19 (USA) RTP75555 ០១ដើម បង់០១ គ្រាប់០១ សំបកកាទូសចំនួន០២ និងម៉ូតូមួយគ្រឿងម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-3621 ព្រមទាំងសម្ភារមួយចំនួនទៀត។

សមត្ថកិច្ចបានបន្ដទៀតថា មុនពេលកើតហេតុ ជនសង្ស័យខាងលើបានជិះម៉ូតូម៉ាក ADV ពណ៌ស ឆ្នាំ២០២១ ពាក់ផ្លាកលេខ ភ្នំពេញ 1JE-3621 កាន់អាវុធខ្លីមួយដើម បាញ់រថយន្ដអ្នកដំណើរតាមដងផ្លូវជាតិលេខ៤។ ក្រោយពីទទួលបានព័ត៌មាន កម្លាំងអន្តរាគមន៍អធិការដ្ឋាននគរបាលស្រុកអង្គស្នួល សហការជាមួយកម្លាំងប៉ុស្ដិ៍ បានតាមស្ទាក់ ទើបឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្លូវជាតិលេខ៤ ភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយបាននាំទៅអធិការដ្ឋាននគរបាលស្រុកដើម្បីសួនាំបន្តតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនបានបាញ់ ចំនួន៤គ្រាប់ ត្រូវរថយន្ត៣គ្រាប់ មុនពេលមកដល់ស្រុកអង្គស្នួល គឺបានបាញ់នៅភ្នំពេញ ជាច្រើនគ្រាប់ ដោយសារខឹងប្រពន្ធ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធី៕

ដោយ៖ ពុទ្ធិញូវ

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img