ព្រះសីហនុ ៖ លោក ប្រ៊ុយណូ បូដា អគ្គនាយកក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោក និងប្រតិភូអមដំណើរ បានចូលជួបសំដែងការគួរសមជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដើម្បីពិភាក្សាអំពីការរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើពិភពលោក នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២២ ខាងមុខនេះ។


លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ និងជម្រាបជូនលោកអគ្គ នាយកក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើពិភពលោកថា រយៈពេលពីរឆ្នាំកន្លងមក ដោយសារវិបត្តិកូវីដ យើងមិនបានធ្វើការចែករំលែកបទពិសោធអំពីសមុទ្រ ហើយថ្ងៃនេះបានជួបលោកអគ្គនាយកក្លិបឆ្នេរស្អាត ដែលជាស្ថាបនិកបានអញ្ជើញមកចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ សង្ឃឹមថាលោកនឹងជួយចែករំលែកនូវបទពិសោធល្អៗ និងថ្មីៗដល់ខេត្តព្រះសីហនុ។


លោកអភិបាលខេត្តបានបន្តថា ខេត្តព្រះសីហនុមានសក្តានុពល ប៉ុន្តែខ្វះធនធានមនុស្សក្នុងការកែច្នៃអភិវឌ្ឍប្រកបដោយចីរភាព។ ខេត្តព្រះសីហនុចង់បានបទពិសោធ គ្រប់គ្រងបរិស្ថានបានយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍សេដ្ឋកិច្ច និងសុំឲ្យលោកអគ្គនាយកជួយបង្កើតព្រឹត្តិការណ៍នានានៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញទេសចរណ៍។


លោក ប្រ៊ុយណូ បូដា បានមានប្រសាសន៍ថា នេះជាដំណើរទីមួយមកកាន់ខេត្តព្រះសីហនុ បន្ទាប់ពីជំងឺកូវីដ ដែលរងផលប៉ះពាល់ដល់សេដ្ឋកិច្ច និងការងារមនុស្សធម៌។ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់សម្រាប់ខេត្តព្រះសីហនុ ដែលគ្រប់គ្រងសមុទ្របានល្អ ហើយលោកមកកាន់ទីនេះដោយមានការអញ្ជើញពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដើម្បីចូលរួមក្នុងការបើកវេទិកាទេសចរណ៍លើកទី៤០ ឆ្នាំ២០២២ (ATF 2022) ដែលរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងទេសចរណ៍ ប្រារព្ធនាពេលនេះ ពិតជាល្អបំផុតសម្រាប់បង្ហាញទៅដល់ បណ្ដាលប្រទេសនៅក្នុងអាស៊ាននិងពិភពលោក។ ប្រទេសកម្ពុជា ជាប្រទេសដែលមានវប្បធម៌ មានប្រាសាទអង្គរវត្ត និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។ ការរៀបចំវេទិកាទេសចរណ៍អាស៊ាននេះគឺបានបង្ហាញឲ្យអន្តរជាតិបានឃើញថា កម្ពុជាបានចាត់វិធានការយ៉ាងខ្ជាប់ខ្ជួនក្នុងកាទប់ស្កាត់ជំងឺកូវីដ-១៩ ហើយបណ្តាប្រទេសនៅលើពិភពលោកកំពុងមានការប្រឈម។ អ្វីទាំងនេះជាកិត្តិយសសម្រាប់ខេត្តព្រះសីហនុ ដែលប្រកាសបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញផងដែរ។


លោកអគ្គនាយកក្លិបឆ្នេរស្អាតបានចាប់អារម្មណ៍យ៉ាងខ្លាំងលើព្រៃកោងកាងព្រោះដើមកោងកាងបានជួយការពារជម្រកមច្ឆជាតិគ្រប់ប្រភេទ អាចស្រូបយកឧស្ម័នកាបូនិក និងការបំពុលបរិស្ថានជាដើមនឹងសូមឲ្យកម្ពុជាព្យាយាមរក្សាតុល្យភាពទាំងអស់នេះឲ្យបានល្អ។ យើងនឹងធ្វើការផ្លាស់ប្តូរប្រធានបទសមុទ្រ និងការអនុវត្តជាក់ស្តែងតាមប្រទេសនីមួយៗ នឹងត្រៀមរៀបចំមហាសន្និបាតក្លិបឆ្នេរសមុទ្រដែលស្អាតជាងគេលើសកលលោក នៅខេត្តព្រះសីហនុ នាចុងឆ្នាំ ២០២២ខាងមុខ ជានិមិត្តរូបផ្តល់ឱកាសឲ្យប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ព្រមទាំងភ្ញៀវបរទេសមកស្គាល់សម្បត្តិធម្មជាតិឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ ទន្ទឹមនោះយើងត្រូវរួមគ្នាការពារបរិស្ថាន និងអភិវឌ្ឍប្រទេសឲ្យកាន់តែល្អប្រសើរ ដោយមិនបំពុលបរិស្ថានតំបន់ឆ្នេររបស់យើង ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកលេងកាន់តែច្រើន៕




អត្ថបទ និងរូបភាពដោយ Puthinews
Telegram group: ឯកសារចំណេះដឹងសាធារណៈជន
YOUTUBE | Puthinews
WEBSITE | Puthinews