25 C
Phnom Penh
Tuesday, September 27, 2022

ក្រុមហ៊ុន Sinovac នឹងវិនិយោគប្រាក់៦០លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅស៊ីលី

ក្រុមហ៊ុនឱសថចិន ស៊ីណូវ៉ាក់ (Sinovac) បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងសាងសង់រោងចក្រផលិតវ៉ាក់សាំងនៅក្នុងប្រទេសស៊ីលី ដោយវិនិយោគទឹកប្រាក់៦០លានដុល្លារអាមេរិក ខណៈដែលប្រទេសនៅអាមេរិកឡាទីនមួយនេះបានប្រើប្រាស់វ៉ាក់សាំងកូវីដ-១៩របស់ក្រុមហ៊ុននេះច្រើនបំផុត។

ស៊ីលីស្ថិតក្នុងចំណោមប្រទេសមួយដែលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានលឿនបំផុតនៅលើពិភពលោក ដោយរហូតមកទល់ពេលនេះជាង៦០%នៃពលរដ្ឋរបស់គេបានចាក់វ៉ាក់សាំងពេញលេញ ដោយបានប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinovac) ចំនួន១៩.៦លាន ដូសរួចទៅហើយ។

រោងចក្រនោះនឹងត្រូវបានសាងសង់នៅក្នុងតំបន់សាន់ត្យាហ្គោ (Santiago) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២២។ ក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinovac) ក៏នឹងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍនៅក្នុងតំបន់ អាន់តូហ្វាហ្គាស្តា (Antofagasta) ភាគខាងជើងផងដែរ។

ក្រុមហ៊ុន ស៊ីណូវ៉ាក់ (Sinovac) បានសម្លឹងមើលលទ្ធភាព ដើម្បីសាងសង់រោងចក្រនៅក្នុងប្រទេសស៊ីលី ដែលមានសមត្ថភាពផលិតវ៉ាក់សាំង៥០លានប្រភេទផ្សេងៗគ្នា ចាប់តាំងពីពាក់កណ្តាល ខែកក្កដាមក។

គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាលស៊ីលី បានបង្ហាញឱ្យដឹងថា គេនឹងពិចារណាចំពោះការចាក់វ៉ាក់សាំងដូសទី៣ដើម្បីជំរុញប្រសិទ្ធភាពក្នុងការពារប្រឆាំងនឹងការបំប្លែងខ្លួនថ្មីៗរបស់វីរុសកូវីដ-១៩ដូចជាប្រភេទ ដែលតា (Delta) ជាដើម ដែលកំពុងធ្វើឱ្យការឆ្លងកើនឡើងនៅទូទាំងពិភពលោក៕


អត្ថបទ និងរូបភាព Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត