30 C
Phnom Penh
Saturday, October 1, 2022

ក្រុមហ៊ុនអាមេរិកគ្រោងផលិតបន្ទះសូឡា នៅប្រទេសប៉ាណាម៉ា ដើម្បីប្រជែងប្រទេសនៅអាស៊ី

(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតបន្ទះថាមពលពន្លឺព្រះអាទិត្យមួយរបស់សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះបានប្រកាសផែនការបើកដំណើរការរោងចក្រផលិតបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យនៅប្រទេសប៉ាណាម៉ា ដើម្បីជួយឧស្សាហកម្មសូឡាអាមេរិកកាត់បន្ថយការពឹងផ្អែកលើទំនិញដែលផលិតដោយចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា រោងចក្រដែលស្ថិតក្នុងគម្រោងរបស់ក្រុមហ៊ុន Universal Solar America LLC ដែលមានមូលដ្ឋាននៅរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក បានឱ្យដឹងថា នឹងជួយក្រុមហ៊ុនអាមេរិកជៀសផុតពីពន្ធគយ ការពន្យារពេលដឹកជញ្ជូន និងបញ្ហាប្រឈមផ្សេងទៀតដែលបានកាត់បន្ថយខ្សែចង្វាក់ផ្គត់ផ្គង់ដែលជាចម្បងមកពីប្រទេសផលិតនៅអាស៊ី។

ប្រហែល ៩០ភាគរយនៃបន្ទះស្រូបពន្លឺព្រះអាទិត្យរបស់សហរដ្ឋអាមេរិកត្រូវបានផលិតនៅក្រៅប្រទេស ហើយការពឹងផ្អែកលើការនាំចូលបានធ្វើឱ្យមានការបំផ្លិចបំផ្លាញដល់ឧស្សាហកម្មថាមពលពន្លឺព្រះអាទិត្យរបស់សហរដ្ឋអាមេរិក នៅពេលដែលឧស្សាហកម្មនេះកំពុងធ្វើការងារដើម្បីឆ្លើយតបទៅនឹងតម្រូវការពីរោងចក្រផលិតអគ្គិសនី និងក្រុមហ៊ុនសាជីវកម្មនានាដែលព្រួយបារម្ភអំពីការប្រែប្រួលអាកាសធាតុ។

ទោះបីជាបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យត្រូវបានផ្គុំនៅក្នុងប្រទេសអាស៊ីមួយចំនួនក៏ដោយ ក៏វត្ថុធាតុដើមរបស់ឧស្សាហកម្មនេះ ពោលគឺប៉ូលីស៊ីលីកូន (polysilicon) ត្រូវបានផលិតជាចម្បងនៅក្នុងប្រទេសចិន ហើយឧស្សាហកម្មរបស់ប្រទេសចិននេះរងការចោទប្រកាន់ថា មានការប្រើប្រាស់ពលកម្មដោយបង្ខំនៅក្នុងតំបន់ស៊ីជាំង។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា លោក John Bereckis នាយកប្រតិបត្តិក្រុមហ៊ុន Universal Solar បានថ្លែងថា លោកបានចាប់ផ្តើមគិតគូពីលទ្ធភាពនៃការបើករោងចក្រនៅប្រទេសប៉ាណាម៉ាកាលពីឆ្នាំមុន នៅពេលដែលក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានពិចារណាដំឡើងពន្ធលើការនាំចូលបន្ទះសូឡាពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលធ្វើឱ្យផែនការរបស់ក្រុមហ៊ុនអភិវឌ្ឍន៍នានាត្រូវស្ថិតក្នុងភាពមិនច្បាស់លាស់។

លោកមានប្រសាសន៍ថា៖ “យើងចាប់ផ្តើមមើលថាតើយើងអាចធ្វើយ៉ាងណា ដើម្បីព្យាយាមចាកចេញពីអាស៊ី?។ បរិយាកាសនយោបាយរវាងចិន អាស៊ី និងអាមេរិក នឹងមិនមានភាពល្អប្រសើរទេ”។

លោក Bereckis បាននិយាយថា ក្រុមហ៊ុន Universal Solar រំពឹងថានឹងផលិតបន្ទះសូឡានៅរោងចក្រដែលស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មសេរីនៅទីក្រុងកូឡូន ប្រទេសប៉ាណាម៉ា នៅចុងឆ្នាំនេះ។ រោងចក្រនេះនឹងមានសមត្ថភាពផលិតបន្ទះសូឡាប្រចាំឆ្នាំដំបូងចំនួន ៦០០មេហ្គាវ៉ាត់ ដែលអាចកើនឡើងទ្វេដងនៅដើមឆ្នាំក្រោយ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត