28 C
Phnom Penh
Tuesday, June 28, 2022

ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ បានអះអាងថា ខាតបង់អស់៧៧លានដុល្លារ ក្នុងឆមាសទី១ នៃឆ្នាំ២០២០ ដោយសារកូវីដ-១៩

ស្តាប់អត្ថបទជាសំឡេង

ភ្នំំពេញ៖ ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ បានអះអាងថា ក្នុងឆមាសទី១នៃឆ្នាំ២០២០ ក្រុមដ៏ធំមួយនៅកណ្តាលរាជធានីភ្នំពេញមួយនេះ បានខាតបង់អស់ចំនួន ៧៧លានដុល្លារ ដោយសារតែការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩ ហើយក្រុមហ៊ុននេះបានសម្រេចកាត់បន្ថយបុគ្គលិកនៅផ្នែកមួយចំនួន ដើម្បីកាត់បន្ថយការចំណាយ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលទទួលបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២។

ក្នុងសេចក្តីថ្លែងការណ៍មួយទំព័រដែលមានចំនួន៧ចំណុច ក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់ថា ជំងឺកូវីដ-១៩ ដែលជាជំងឺរាតត្បាតសកល បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មទេសចរណ៍ក្នុងពិភពលោក ការនេះចំណែកក្រុមហ៊ុនណាហ្គាវើលដ៍ភ្នំពេញ ក៏រងគ្រោះផងដែរ។ របាយការណ៍លទ្ធផលបណ្តោះអាសន្នរបស់ក្រុមហ៊ុន បានកត់ត្រានូវការខាតបង់សុទ្ធចំនួន ៧៧លានដុល្លារ នៅក្នុងឆមាសទី១ នៃឆ្នាំ២០២០។

ដូចគ្នានឹងក្រុមហ៊ុនផ្សេងទៀតទាំងអស់នៅក្នុងពិភពលោកផងដែរ ដោយសារទំហំអាជីវកម្មធ្លាក់ចុះ ព្រោះបរិយាកាសសេដ្ឋកិច្ចមិនល្អ ក្រុមហ៊ុនត្រូវបានបង្ខំចិត្តចាប់ផ្តើមវិធានការកាត់បន្ថយការចំណាយមួយចំនួន ដើម្បីផលប្រយោជន៍របស់ក្រុមហ៊ុន ក៏ដូចជាភាគីពាក់ព័ន្ធ។ ក្នុងចំណោមវិធានការសកម្មផ្សេងៗដើម្បីទប់ស្កាត់ហានិភ័យ ជំហានដែលក្រុមហ៊ុនអនុវត្តរួមមាន ការកាត់ដោយការចំណាយលើមនុស្ស ជាពិសេសទៅផ្នែកណាដែលមានចំនួនបុគ្គលិកច្រើនលើសតម្រូវការ និងកម្លាំងបុគ្គលិកដែលគ្មានផលិតភាព។

ទន្ទឹមនឹងនេះ ជាលទ្ធផល ដើម្បីប្រយោជន៍របស់បុគ្គលិកដែលរងផលប៉ះពាល់ ក្រុមហ៊ុនបានអនុវត្តនូវវិធានការបញ្ចប់កិច្ចសន្យាការងារដោយការព្រមពៀង (Mulual Separat on Plar (MSP))ដែលវិធានការនេះ ផ្ដល់ជូនដល់បុគ្គលិកនូវប្រាក់សំណងប្រសើរលើសពីសំណងដែលតម្រូវដោយច្បាប់ការងារកម្ពុជា។ ៧៣ភាគរយ នៃបុគ្គលិកដែលរងផលប៉ះពាល់ បានទទួលយកគម្រោងបញ្ចប់កិច្ចសន្យាការងារដោយការព្រមព្រៀងនេះ។ ការអនុវត្តគម្រោងបញ្ចប់កិច្ចសន្យាការងារដោយការព្រមព្រៀងនេះ ត្រូវបានធ្វើឡើងក្នុងតម្លាភាពពេញលេញ ដោយឆ្លងកាត់ការពិគ្រោះយោបល់ និងអនុវត្តនូវវិធីសាស្ត្រនៃការគណនាស្របតាមវិធានច្បាប់ និងលិខិតបទដ្ឋានជាធរមានទាំងអស់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាច្បាប់ និងវិធានពាក់ព័ន្ធជាធរមានទាំងអស់នៅកម្ពុជា។

ចំពោះការសម្រេចជ្រើសរើសបុគ្គលិកដែលរងផលប៉ះពាល់គឺ ផ្អែកលើវិធានផ្ទៃក្នុងរបស់ក្រុមហ៊ុន និងដោយផ្អែកលើតម្រូវការអាជីវកម្ម ផលិតភាពកន្លងមក ការរួមចំណែក និងការប្តេជ្ញាចិត្តរបស់បុគ្គលិក និងផ្អែកលើមូលដ្ឋានផ្សេងៗទៀត ដោយមិនគិតថា បុគ្គលិកជាសមាជិកសហជីព ឬបិនមែនសមាជិកសហជីព ជាបុគ្គលិកខ្មែរ ឬបុគ្គលិកបរទេស ជាបុគ្គលិកជួរមុខ ឬបុគ្គលិកថ្នាក់គ្រប់គ្រងនោះទេ។ ក្រៅពីនេះក្រុមហ៊ុនមិនបានយកហេតុផលសមាជិកភាពសហជីពជាលក្ខខណ្ឌក្នុងការសម្រេចជ្រើសរើសដូចការចោទប្រកាន់របស់សហជីពឡើយ។

ក្រុមហ៊ុនណាហ្គាវើលដ៍ក៏បានបញ្ជាក់ដែរថា ដោយមានការយកចិត្តទុកដាក់ខ្លាំងលើការការពារប្រយោជន៍ និងសិទ្ធិចំពោះសុខុមាលភាពបុគ្គលិក ក្រុមហ៊ុននៅតែងតែលើកទឹកចិត្ត និងសង្កត់ធ្ងន់ឱ្យបុគ្គលិកបង្កើតសហជីព ចាប់តាំងពីពេលក្រុមហ៊ុនចាប់កំណើតក្នុងឆ្នាំ១៩៩៥ មកម្លេះ។ ទោះជាដូច្នេះក្តី គ្គលិកចំនួន ៣៦០នាក់ ក្នុងចំណោមបុគ្គលិកដែលរងផលប៉ះពាល់សរុប ១.៣២៩នាក់ បានបដិសេធមិនទទួលយកគម្រោងបញ្ចប់កិច្ចសន្យាការងារដោយការព្រមព្រៀងនេះ។

ចំពោះបញ្ហានេះ ក្រោយមកសហជីពក៏បានធ្វើការជូនដំណឹងទៅក្រុមហ៊ុន អំពីការធ្វើកូដកម្មនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលត្រូវបានប្រកាសថា ខុសច្បាប់ដោយតុលាការកម្ពុជា។ សហជីពបានជំទាស់នឹងវិធីសាស្ត្រនៃការគណនាប្រាក់សំណង ដែលការជំទាស់នេះ មិនបានផ្អែកលើវិធាន លីលិខិតបទដ្ឋាន និងច្បាប់ពាក់ព័ន្ធណាមួយជាធរមាននៅកម្ពុជាឡើយ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

- Advertisement -spot_imgspot_img

អានបន្ត