ព្រៃវែង៖ ប្រភពពីប្រជាពលរដ្ឋរស់នៅជិតច្រកទ្វារអន្តរជាតិព្រំដែនម៉ឺនជ័យ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បានឲ្យដឹងថា ក្នុងមួយថ្ងៃៗគេសង្កេតឃើញឈ្មួញសម្រុកដឹកជញ្ជូនធ្យូងទៅលក់នៅប្រទេសវៀតណាម យ៉ាងគគ្រឹកគគ្រេង ហេតុការណ៍នេះត្រូវបានគេសង្ស័យថា ជាការឃប់ឃិតគ្នាជាប្រព័ន្ធ រវាងមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធ។


ប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណដដែលនេះបានឲ្យដឹងថា ធ្យូងទាំងនោះភាគច្រើនមានប្រភពពីខេត្តក្រចេះ ហើយក្រុមឈ្មួញបានដឹកជញ្ជូនមករក្សាទុក នៅភូមិដំណាក់ចារ ក្នុងខេត្តត្បូងឃ្មុំ មុននឹងដឹកបន្តមកកាន់ច្រកច្រកទ្វារអន្តរជាតិព្រំដែនម៉ឺនជ័យ ក្នុងខេត្តព្រៃវែង ដោយមានឈ្មោះ ស្មី ជាអ្នកម៉ៅការរត់ការជាមួយមន្ត្រីជំនាញពាក់ព័ន្ធនានា។


ប្រជាពលរដ្ឋបានរិះគន់លើមន្រ្តីជំនាញសមត្ថកិច្ចតាមដងផ្លូវ និងសមត្ថកិច្ចនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យ បានរក្សាភាពស្ងៀមស្ងាត់ ក្នុងខណៈដែលឈ្មួញ ប្រើប្រាស់រថយន្តសាំយ៉ុងកែច្នៃ និងរថយន្តកែច្នៃច្រើនប្រភេទទៀតដឹកជញ្ជូនធ្យូងចេញទៅស្រុកយួន ក្នុងមួយយប់ៗ ចាប់ពី១០គ្រឿងទៅ ២០គ្រឿងយ៉ាងគំហុក ។ ដោយឡែកប្រភពពីក្រុមអ្នកដឹកធ្យូងបានឲ្យដឹងថា ដើម្បីដឹកជញ្ជូនធ្យូងពួកគេបានបង់ប្រាក់ឱ្យឈ្មោះ ស្មី ជាអ្នករត់ការក្នុងមួយឡានកែច្នៃសាំយ៉ុង១២០ម៉ឺនរៀល ទៅ២លានរៀល ជាមុនដើម្បីរត់ការបើកផ្លូវជាមួយមន្ត្រីជំនាញ។


ពាក់ព័ន្ធការដឹកជញ្ជូនធ្យូងខុសច្បាប់ចេញទៅលក់នៅប្រទេសវៀតណាមនេះ លោក អ៊ុ ប៉ូលក្ខណ៍ ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិម៉ឺនជ័យ និងលោក វ៉ាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិម៉ឺនជ័យ និងលោក ស្មី ដែលល្បីជាអ្នករត់ការ មិនអាចទាក់ទងសុំការបំភ្លឺបានទេ៕


ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News