30 C
Phnom Penh
Saturday, October 1, 2022

ក្រុងប៉េកាំង៖ សមុទ្រចិនខាងត្បូង មិនមែនជា “សង្វៀនប្រយុទ្ធ” សម្រាប់មហាអំណាចធំៗទេ

ទីក្រុងប៉េកាំងបាននិយាយថា សមុទ្រចិនខាងត្បូង មិនមែនជា “សង្វៀនប្រយុទ្ធ” សម្រាប់ មហាអំណាចធំៗទេ ហើយបានអំពាវនាវឲ្យបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួមគ្នាទប់ទល់នឹងការចូលលូកដៃរបស់មហាអំណាចខាងក្រៅ នៅក្នុងជម្លោះ។

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi កាលពីថ្ងៃចន្ទទី២៥ខែកក្កដា បាននិយាយថា បញ្ហានៅសមុទ្រចិនខាងត្បូង ត្រូវតែដោះស្រាយឲ្យបានត្រឹមត្រូវ ដោយបណ្តាប្រទេសក្នុងតំបន់ ដែលមិនត្រូវក្លាយជា “កន្លែងបរបាញ់” សម្រាប់ប្រទេសខាងក្រៅឡើយ។

លោកបានធ្វើអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងសន្និសីទវីដេអូមួយ ដើម្បីប្រារព្ធខួបលើកទី ២០ នៃការចុះហត្ថលេខាលើសេចក្តីប្រកាស ស្តីពីការប្រតិបត្តិនៃភាគីនានានៅក្នុងសមុទ្រចិនខាងត្បូង (DOC) ដែលជាគោលការណ៍ណែនាំសម្រាប់ប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ស្តីពីការដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង។

ស្របពេលជាមួយគ្នានោះ លោក Wang បានចោទប្រកាន់មហាអំណាចខាងក្រៅមួយចំនួន ពីចេតនាពង្រីកជម្លោះ និងបង្កភាពតានតឹង ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់នៃប្រទេសឆ្នេរសមុទ្រ និងសណ្តាប់ធ្នាប់ធម្មតានៃសមុទ្រ។

យោងតាមលោក Yang, “ចំពោះរឿងនោះ ចិន និងបណ្តាប្រទេសអាស៊ាន គួរតែបង្ហាញជំហររបស់យើងឲ្យច្បាស់លាស់។ ប្រសិនបើអ្នកមកដើម្បីសន្តិភាព និងកិច្ចសហប្រតិបត្តិការ យើងស្វាគមន៍អ្នក តែប្រសិនបើអ្នកមកសម្រាប់ការរំខាន និងការបំផ្លាញ សូមចាកចេញទៅ!”។

ការកត់សម្គាល់របស់លោក Wang បានកើតឡើងចំពេលភាពតានតឹងផ្នែកយោធានៅក្នុងសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកដ៏មមាញឹកបំផុតមួយរបស់ពិភពលោក បានបន្តកើនឡើងកាន់តែខ្លាំងរវាងចិន និងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន។

ទីក្រុងប៉េកាំង បានទាមទារដែនទឹកភាគច្រើន ខណៈទីក្រុងតៃប៉ិ និងសមាជិកអាស៊ានដូចជា ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងវៀតណាមសុទ្ធតែទាមទារតំបន់ត្រួតស៊ីគ្នា។

ចិនដីគោក បានពង្រឹងការគ្រប់គ្រងរបស់ខ្លួនយ៉ាងខ្លាំងនៅក្នុងតំបន់ នារយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ បើទោះបីជាមានសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ប្រឆាំងនឹងខ្លួនក៏ដោយ៕
ដោយ៖ Puthi News

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត