ស្តាប់អត្ថបទជាសំឡេង
បាត់ដំបង៖ ជាមោទនភាពមួយ ដែលក្រុងបាត់ដំបងរបស់ខេត្តបាត់ដំបង ទទួលបាននូវពានរង្វាន់ជ័យលាភី ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣ ឆ្នាំ២០២២-២០២៤ ដែលទាំងអស់នេះ មិនមែនជាភាពចៃដន្យនោះទេ តែជាការចូលរួមទាំងអស់គ្នា ទើបធ្វើឱ្យក្រុងបាត់ដំបង ដែលទីក្រុងស៊ីវិល័យនិងមានវ័យចំណាស់ជាងគេ បានក្លាយជាទីក្រុងមានភាពស្អាតជាងគេក្នុងតំបន់អាស៊ាន សម្រាប់ទាក់ទាញភ្ញៀវបទេសចរ ។


អភិបាលខេត្តបាត់ដំបង លោក សុខ លូ នៅក្នុងពិធីអបអរសាទរទីក្រុងបាត់ដំបង ដែលទទួលបានពានរង្វាន់ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣ ឆ្នាំ២០២២-២០២៤ បានឱ្យដឹងថា ពានរង្វាន់នេះគឺដើម្បីពង្រឹងភាពទាក់ទាញនិងបង្កើនភាពប្រកួតប្រជែងទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្ត្រទេសចរណ៍អាស៊ាន ឆ្នាំ២០១៦-២០២៥ សំដៅធ្វើឱ្យអាស៊ាន ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងភាពទាក់ទាញផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ។


លោក ធី សុផាត តំណាងវិទ្យាស្ថានគរុកោសល្យបាត់ដំបង អ្នកស្រី ស៊ឹម សុខុន ប្រធានសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តបាត់ដំបង និងយុវជន នាង ប៊ុនឈួង តំណាងយុវជនស្ម័គ្រចិត្តកាកបានក្រហមកម្ពុជាខេត្តបាត់ដំបង សុទ្ធតែបានបង្ហាញពីភាពសប្បាយរីករាយ ខណៈដែលទីក្រុងបាត់ដំបង ទទួលបាននូវជ័យលាភីជាទីក្រុងស្អាតរបស់អាស៊ាន លើកទី៣ ដែលទាំងអស់នេះបានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នានាពេលកន្លងមក ហើយរួមគ្នាធ្វើបន្តទៀតដើម្បីកិតិ្តយសសម្រាប់សហគមន៍យើង ខេត្តយើងនិងប្រទេសជាតិយើង ។


អភិបាលក្រុងបាត់ដំបង លោក ផេង សិទ្ធី បានបង្ហាញឱ្យដឹងថា ពានរង្វាន់ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន នេះ គឺបានកើតចេញពីការចូលរួមសកម្មភាពពីមន្ទីរ អង្គភាព ស្ថានប័នរដ្ឋ-ឯកជន និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិគ្រប់មជ្ឈដាន ដែលកំពុងរៀបចំនិងកែលម្អរបៀបរបបការរស់នៅ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន សន្តិសុខ សុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ សម្បទាទេសចរណ៍ គុណភាពសេវា និងអភិរក្សសម្បត្តិវប្បធម៌ទាំងរូបបីយ៍និងអរូបបីយ៍ឱ្យកាន់ប្រសើរឡើង។
លោក អភិបាលក្រុងបាត់ដំបង បានរំលេចឱ្យដឹងទៀតថា ការទទួលបាននូវជ័យលាភី នេះ គឺដោយសារក្រុងបាត់ដំបង បានខិតខំអភិវឌ្ឍ និងកែលម្អទីក្រុង ឱ្យស្របទៅនឹងសូចនាករគោលចំនួន៧ គឺ ការគ្រប់គ្រងទីក្រុង ភាពស្អាត ការគ្រប់គ្រងសំណល់ រឹង រាវ ការបញ្ជ្រាបការយល់ដឹងសាធារណៈនិងភាពស្អាត លំហបៃតងទីក្រុង សន្តិសុខ សុខភាព សុវត្ថិភាពនិងសណ្តាប់ធ្នាប់ ហេដ្ឋរចនាសម្ព័ន្ធនិងសម្បទាទេសចរណ៍សាធារណៈជាដើម ៕
អត្ថបទ និងរូបភាពដោយ៖ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews