27 C
Phnom Penh
Sunday, June 26, 2022

…ក្រសួង ជំរុញ អាមេរិកឱ្យតវ៉ា ជាមួយកឹម សុខា ជុំវិញការភ្ជាប់ប្រទេសខ្លួនទៅនឹងការប៉ុនប៉ងផ្តួលរំលំ រដ្ឋាភិបាល

ខណៈដែល មានការស្នើសុំម្តងហើយម្តងទៀត ដោយមេធាវីរបស់លោកកឹម សុខា អតីតប្រធានគណបក្សប្រឆាំងឱ្យតុលាការ កោះហៅអ្នកការទូតបរទេសមកផ្តល់សក្ខីកម្មជុំវិញ ការចោទប្រកាន់ថា រដ្ឋរបស់ពួកគេមានទំនាក់ទំនងនឹងសំណុំរឿង ក្បត់ជាតិរបស់លោក កឹម សុខា ក្រសួងយុត្តិធម៌បានជំរុញឱ្យសហរដ្ឋអាមេរិក ដោះស្រាយដោយខ្លួនឯង ចំពោះការលើកឡើងរបស់ លោក កឹម សុខា ដែលអះអាងថា ប្រទេសមហាអំណាច នេះមានជាប់ពាក់ព័ន្ធ ក្នុងការប៉ុនប៉ងផ្លាស់ប្តូររបបនៅកម្ពុជា។

ក្រសួងបានបញ្ជាក់ថា ទាំងរដ្ឋាភិបាល និងតុលាការ មិនដែលបានភ្ជាប់ សហរដ្ឋអាមេរិក ឬរដ្ឋបរទេសណាមួយទៅនឹងករណីនេះទេ។

នៅក្នុងសេចក្តីថ្លែង ការណ៍មួយនាពេលថ្មីៗនេះ លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួង បានបកស្រាយ ដោយយោងលើ សុន្ទរកថា របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសហរដ្ឋអាមេរិកថា រដ្ឋាភិបាលកម្ពុជាមិនដែលចោទប្រកាន់ សហរដ្ឋអាមេរិកថាមានជាប់ពាក់ព័ន្ធជាមួយ លោក កឹម សុខា អតីតប្រធានគណបក្ស សង្គ្រោះជាតិ(CNR P ) ដែលរំលាយដោយតុលាការ ជុំវិញការចោទប្រកាន់ប៉ុនប៉ងផ្ដួលរំលំ រដ្ឋាភិបាលឡើយ។

លោកនិយាយថា៖ “កន្លងមកនេះទាំង រាជរដ្ឋាភិបាលក្តី ទាំងតុលាការក្តីមិនមែនជាអ្នកដែលភ្ជាប់សហរដ្ឋអាមេរិក ឬចោទប្រកាន់សហរដ្ឋអាមេរិក ឬរដ្ឋបរទេសណាមួយ នៅក្នុងសំណុំរឿងដែល ចោទប្រកាន់លើឯកឧត្តម កឹម សុខា នោះទេ ប៉ុន្តែ គឺ ឯកឧត្តម កឹម សុខា ផ្ទាល់ដែល ជាអ្នកនិយាយភ្ជាប់ សហរដ្ឋអាមេរិក និង រដ្ឋបរទេស ចូលទៅក្នុងសំណុំរឿងនេះ” ។

លោកថា៖ “ដូចនេះបើរដ្ឋ បរទេសណា មិនសុខចិត្តនឹងការឯកឧត្តម កឹម សុខា ភ្ជាប់ឈ្មោះប្រទេសរបស់ខ្លួនទៅក្នុងសំណុំរឿងនេះ គឺត្រូវតវ៉ា ជាមួយ ឯកឧត្តម កឹម សុខា ផ្ទាល់ ឬសួរទៅកាន់ ឯកឧត្តម កឹម សុខា”។

លោកបន្តថា លោកកឹម សុខា បានរៀបរាប់ ឈ្មោះប្រទេសមួយចំនួននៅក្នុងវីដេអូឃ្លីបមួយ ហើយបានភ្ជាប់ពួកគេទៅនឹង កា ឃុបឃិតគ្នា ធ្វើបដិវត្តន៍ពណ៌ និងប៉ុនប៉ងផ្តួលរំលំ រដ្ឋាភិបាលស្របច្បាប់។

លោក កឹម សុខា ត្រូវបានចាប់ខ្លួននៅឆ្នាំ២០១៧ បន្ទាប់ពី មានការបែកធ្លាយ វីដេអូឃ្លីប ដែលបង្ហាញនៅ កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣ ប្រទេសអូស្ត្រាលីថា សហរដ្ឋអាមេរិក បានជួយ លោកក្នុងការជំរុញឱ្យមាន ការផ្លាស់ប្តូររបប។ លោកក៏បាននិយាយថា សហរដ្ឋអាមេរិកបានជួលអ្នកជំនាញ និងសាស្រ្តាចារ្យ នៅ សហរដ្ឋអាមេរិក និងកាណាដា ដើម្បីផ្តល់យុទ្ធសាស្ត្រ និងដំបូន្មានដល់លោកអំពីការផ្លាស់ប្តូររបប។

ពីរខែបន្ទាប់ពីការចាប់ខ្លួន គណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូល។

លោក សុខា បាននិយាយក្នុងឃ្លីបវីដេអូថា៖ “គ្មាននរណាដឹងអំពីរឿងនេះទេ។ ប៉ុន្តែដោយសារយើង បានឈានទៅមុខមួយជំហាន ខ្ញុំត្រូវប្រាប់ បងប្អូនអំពីយុទ្ធសាស្ត្រនេះ។ យើងនឹងជោគជ័យប្រសិនបើ យើង ដើរតាមអាមេរិក”។

សាលាដំបូង រាជធានីភ្នំពេញបានចោទ ប្រកាន់ លោកពី បទ “សន្ទិដ្ឋិភាពជាមួយបរទេស” តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បើរកឃើញថាមានពិរុទ្ធ លោកអាចប្រឈមនឹងការជាប់ពន្ធនាគារ រហូតដល់ ៣០ឆ្នាំ។ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំក្នុងខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពី ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន រយៈពេលជាងមួយឆ្នាំនៅពន្ធនាគារ ត្រពាំងថ្លុង ជិតព្រំដែន ប្រទេសវៀតណាម។

ខណៈ សវនាការកំពុងបន្តទាំង លោក កឹម សុខា និងមេធាវីបានទាមទារឱ្យកោះ ហៅ ឯកអគ្គរដ្ឋទូត បរទេស មកផ្តល់សក្ខីកម្ម ជាយូរមកហើយ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាននិយាយថា អាមេរិក គួរបញ្ជាក់ថា តើការគាំទ្រ ចំពោះការផ្លាស់ប្តូរ របបនៅកម្ពុជា ឬមានការគាំទ្រពីរដ្ឋាភិបាលអាមេរិកនៅពីក្រោយ។

ថ្លែងទៅកាន់ពលរដ្ឋខ្មែរ ដែលរស់នៅ សហរដ្ឋអាមេរិកក្នុងពេលចូលរួម កិច្ចប្រជុំកំពូលពិសេសអាស៊ាន អាមេរិក លោក ហ៊ុន សែន ឱ្យដឹងថា សហរដ្ឋអាមេរិក មិនបានជាប់ ពាក់ព័ន្ធ ជាមួយនឹង ការចោទប្រកាន់ របស់ លោក កឹម សុខា ក្នុង ការប៉ុនប៉ង ផ្តួលរំលំរដ្ឋាភិបាលនោះទេ ប៉ុន្តែគឺជាលោក កឹម សុខា ទេ ដែលធ្វើការ កត់សម្គាល់ អំពីការជាប់ពាក់ព័ន្ធ របស់សហរដ្ឋអាមេរិក នៅក្នុង វីដេអូ ដែលត្រូវបានប្រើជាភស្តុតាង ក្នុងករណី ក្បត់ជាតិ។

លោកបន្តថា៖ “ដូច្នេះហើយ ចាំបាច់ត្រូវ មាន ដំណោះស្រាយរវាងសហរដ្ឋអាមេរិក និងលោក កឹម សុខា។ ដូច្នេះ តើអាមេរិកនឹង បដិសេធថា មិនបានធ្វើដូច លោក កឹម សុខា និយាយទេ”?

លោកបន្ថែមថា៖ “អ្វីដែលបានកើតឡើងគឺ លោក កឹម សុខា និយាយអំពីសហរដ្ឋអាមេរិកជួយគាត់។ ដូច្នេះ នេះមិនមែនអំពីកម្ពុជា និងសហរដ្ឋអាមេរិកទេ។ វាគឺរឿងរវាងកឹម សុខា និងអាមេរិក” ។

លោក កឹម សុខា និយាយថា លោក បានបញ្ជាក់យ៉ាងច្បាស់ចំពោះតុលាការថា គ្មានពេលណា ដែលលោក មានចេតនា ផ្លាស់ប្តូររបប ដោយឃុបឃិតជាមួយបរទេស ហើយទទូចថា រាល់សកម្មភាពរបស់លោក គឺជា ផលប្រយោជន៍របស់ប្រជាជនកម្ពុជា។ លោកបាន អំពាវនាវ តុលាការទម្លាក់ចោល បទចោទក្បត់ជាតិនេះ។

លោក អាង ឧត្តម មេធាវីការពារក្តី លោក កឹម សុខា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ កាលពីថ្ងៃចន្ទ ហើយ មេធាវី បីនាក់ ផ្សេងទៀតមិនអាចទាក់ទងសុំកា បំភ្លឺបានទេ។ ទោះយ៉ាងនេះក្តី លោក ឧត្តម បាននិយាយកាលពី ពេលថ្មីៗនេះថា មេធាវីការពារក្តី គ្រោងនឹងផ្ញើលិខិតទៅកាន់សហភាពអឺរ៉ុប និង សហរដ្ឋអាមេរិក ក្នុងចំណោមប្រទេសដទៃទៀត ដើម្បីអញ្ជើញពួកគេ មកផ្តល់សក្ខីកម្ម បង្ហាញការពិតថា តើពួកគេ បានឃុបឃិតជាមួយ លោក កឹម សុខា ឬអត់។

ចំណាត់ការនេះបានធ្វើឡើង បន្ទាប់ពីតុលាការបានបដិសេធសំណើរកោះហៅអ្នកការទូត បរទេសដោយអះអាងថាវាផ្ទុយនឹងអនុសញ្ញា ទីក្រុងវីយែន ស្តីពីទំនាក់ទំនង ការទូតឆ្នាំ១៩៦១ និងបានជំរុញឱ្យ មេធាវីរបស់ លោក កឹម សុខា អញ្ចើញសាក្សីដោយខ្លួនឯង។
ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត