27 C
Phnom Penh
Thursday, December 8, 2022

ក្រសួងវប្បធម៌, ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន នឹងជួបក្រុមហ៊ុន មហាហង្ស នៅថ្ងៃស្អែក ពាក់ព័ន្ធកម្មវិធី Miss Grand Cambodia ដែលរងការរិះគន់។

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន នឹងជួបប្រជុំជាមួយក្រុមហ៊ុន មហាហង្ស នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ ដើម្បីពិនិត្យលើកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា Miss Grand Cambodia ដែលរងការរិះគន់យ៉ាងខ្លាំងពីមហាជន។

លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Puthinews នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ថា លោកស្រីនឹងដឹកនាំកិច្ចប្រជុំថ្ងៃស្អែកនេះ ដោយមានការចូលរួមពីខាងក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និងពីខាងក្រុមហ៊ុន មហាហង្ស ដែលជាអ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាកម្ពុជា។

សូមជម្រាបថា បន្ទាប់ពីមានការរិះគន់យ៉ាងភ្លូកទឹកភ្លូកដីមក ពីសំណាក់អ្នកសិល្បៈ និងមហាជនរួចមក នៅយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ គេបានឃើញអ្នករៀបកម្មវិធី និងជាម្ចាស់ផលិតកម្មមហាហង្ស បានចេញលិខិតសុំទោសជាសាធារណ នូវរាល់កំហុសឆ្គងរបស់ខ្លួន ដែលបានប្រព្រឹត្តិ និងបានសម្ដែងការសោកស្ដាយ នូវកំហុសឆ្គងដោយអចេតនានេះ នៅចំពោះមុខមហាជន ទស្សនិកជន ហើយសន្យាថា នឹងធ្វើការកែតម្រូវឱ្យបានល្អប្រសើរឡើងវិញ។ នៅក្នុងលិខិតសុំទោសនោះ លោក អ៉ិន សុភិន ក៏បានសម្រេចកាត់ឈុត ដែលទទួលរងនូវការរិះគន់នេះចោលផងដែរ។

បន្ថែមលើនេះ ដោយមានការអនុញ្ញាតពីលោកស្រី ភឿង សកុណា នៅល្ងាចថ្ងៃទី២៦ សីហា ឆ្នាំ២០២២ មន្ត្រីជំនាញក្រសួងវប្បធម៌ បានចុះពិនិត្យមើលសកម្មភាព នៃការហាត់សមរបស់ក្រុមហ៊ុនដែលរៀបចំការប្រកួតប្រជែង Miss Grand Cambodia នៅទីតាំងដែលត្រូវសម្ដែងផ្ទាល់តែម្តង។ ប៉ុន្តែដោយសារ មានកំហុសធ្ងន់ធ្ងរនោះ ក្រសួងនឹងជួបប្រជុំឡើងវិញ។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា “យើងមានការណែនាំរួចហើយ តែដោយសារកំហុសធ្ងន់ធ្ងរ យើងនឹងជួបប្រជុំសាជាថ្មីនៅថ្ងៃស្អែកនេះ”។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ បានបញ្ជាឱ្យលោកស្រី ភឿង សកុណា ពិនិត្យឡើងវិញលើកម្មវិធី Miss Grand Cambodia បន្ទាប់ពីរងការរិះគន់ផ្ទួនពីមហាជន រឿងយកល្បែងតំណាងឱ្យក្រុងបាវិត និងក្រុងប៉ោយប៉ែត និងករណីស្លៀកស៉ិចស៉ីជ្រុលហួសហេតុ របស់បេក្ខនារី តំណាងឱ្យខេត្តស្ទឹងត្រែង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បេក្ខនារីដែលចូលរួមសម្តែង ក្នុងការប្រកួតប្រជែងកម្មវិធី Miss Grand Cambodia 2022 គ្មានកំហុសទេ ព្រោះពួកគេសម្តែង និងស្លៀកពាក់ទៅតាមអ្នករៀបចំកំណត់ បើមិនពួកគេមិនធ្វើតាម អ្នករៀបចំថា មិនត្រូវស្តង់ដារប្រកួតប្រជែង។ ដូច្នេះបេក្ខនារីដែលចូលរួមប្រកួតប្រជែងគ្នាមិនខុសទេ អ្នកដែលខុស គឺអ្នកដឹកនាំកម្មវិធី៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img