30 C
Phnom Penh
Saturday, October 1, 2022

ក្រសួងប្រៃសណីយ៍ ស្នើបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង /ឬឧបករណ៍ពង្រីកសេវា

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបញ្ឈប់ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង /ឬឧបករណ៍ពង្រីកសេវា ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សេវាទូរសព្ទចល័ត។

តាមរយៈសេចក្ដីជូនដំណឹងនេះ នៅថ្ងៃទី ២៦ ខែកក្កដានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានឱ្យដឹងថា តាមរយៈការចុះត្រួតពិនិត្យហ្វ្រេកង់ស៍វិទ្យុ និងធ្វើការវាស់ស្ទង់គុណភាពសេវាទូរសព្ទចល័ត នៅក្នុងបរិវេណបុរីមួយចំនួនក្នុងរាជធានីភ្នំពេញ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានរកឃើញថា ការប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង /ឬឧបករណ៍ពង្រីកសេវា (Signal Booster/Repeater) បានបង្កការឆ្លងរំខាន និងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់កម្រិតគុណភាពសេវាទូរសព្ទចល័ត នៅក្នុងតំបន់នោះ។

ដូចនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ដែលកំពុងប្រើប្រាស់ឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវា ធ្វើការរុះរើ ដកចេញ និងបញ្ឈប់ការប្រើប្រាស់ឧបករណ៍ទាំងនេះ ដោយខ្លួនឯងនៅតាមផ្ទះរបស់ខ្លួន។ ក្រសួងប្រៃសណីយ៍ និងទូរគម នាគមន៍ ក៏សូមស្នើដល់អ្នកពាក់ព័ន្ធទាំងអស់ ឱ្យបញ្ឈប់ការនាំចូលឧបករណ៍បង្កើនកម្លាំងសេវា និង/ឬឧបករណ៍ពង្រីកសេវាគ្រប់ប្រភេទ ដែលពុំមានការទទួលស្គាល់ថា ប្រភេទពីនិយ័តករទូរគមនាគមន៍កម្ពុជាជាបន្ទាន់ ជៀសវាងការប្រឈម នឹងវិធានការច្បាប់។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ផងដែរថា យោងតាមមាត្រា ៨៤ នៃច្បាប់ ស្តីពីទូរគមនាគមន៍ បានចែងថា “ការបង្កើត ការដំឡើង ការប្រើប្រាស់ ឬការកែប្រែហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញទូរគមនាគមន៍ ឬគ្រឿងសម្ភារៈបរិក្ខារទូរគមនាគមន៍ ដើម្បីបង្កការកាត់ផ្តាច់ ការរំខាន ឬការជ្រៀតជ្រែកលើហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធទូរគមនាគមន៍ ឬបង្កការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ២ ០០០ ០០០ (ពីរលាន) រៀល ទៅ ១០ ០០០ ០០០ (ដប់លាន) រៀល”។

ស្របជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាននិងកំពុងជំរុញឱ្យប្រតិបត្តិករទូរសព្ទចល័តផ្លាស់ប្តូរគ្រឿងសម្ភារៈបរិក្ខា និងបច្ចេកវិទ្យា ព្រមទាំងសាងសង់ស្ថានីយអង់តែនបន្ថែម ដើម្បីពង្រីកវិសាលភាពគ្របដណ្តប់ និងពង្រឹងគុណភាពនៃសេវាផងដែរ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត