27 C
Phnom Penh
Wednesday, August 10, 2022

ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ ដាំដើមស្ទាវ ជានិមិត្តរូបក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២

ស្តាប់អត្ថបទជាសំឡេង

ព្រះសីហនុ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មការអន្តរក្រសួងររៀបចំវេទិកាទេសចរណ៍អាស៊ាន លើកទី៤០ និងជាប្រធានវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២ ឯកឧត្តម លីម ចុហ៊ុយ(LIMJOCKHOI)អគ្គលេខាធិការអាស៊ាន និងលោក លោកស្រី រដ្ឋមន្ត្រីតំណាងរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន -ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត តំណាងអង្គទូតតំណាង អង្គការ សមាគម ក្លិបឆ្នេរសមុទ្រ ប្រតិភូអមដំណើរ និងភ្ញៀវកិត្តិយស បានអញ្ជើញចូលរួមដាំដើមឈើ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២វេលាម៉ោង ១៤:០០ នាទីរសៀល នៅថ្មបីដុំ (ដើមឈើចាំស្នេហ៍)។

មានប្រសាសន៍នៅក្នុងឱកាសនោះលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ សម្តែងនូវគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅប្រកប ដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ចំពោះវត្តមានដ៏ថ្លៃថ្លារបស់ លោកបណ្ឌិត ថោង ខុន លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដែលបានអញ្ជើញចូលរួមក្នុងពិធីដាំដើមឈើជានិមិត្តរូបនៃវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ នាពេលនេះ ដែលរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចជ្រើសរើសយកខេត្តព្រះសីហនុ ជាទីតាំងម្ចាស់ផ្ទះ សម្រាប់
រៀបចំវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២២” ចាប់ពីថ្ងៃទី១៦ ដល់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ដ៏មានសារៈសំខាន់ បន្ទាប់ពីកម្ពុជាអាចគ្រប់គ្រងបាននូវស្ថានភាពការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូដ៏ស្អិតល្មួតទាំងក្នុងកម្រិតទ្វេភាគី ពហុភាគី និងតំបន់ របស់លោក លោកស្រី រដ្ឋមន្ត្រី ទេសចរណ៍អាស៊ានទាំងអស់ ហើយសង្ឃឹម និងជឿជាក់ថា មិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រនេះ នឹងបន្តរីកលូតលាស់ រឹងមាំ ស្ថិតស្ថេរយូរអង្វែង ដើម្បីជាមូលដ្ឋានជំរុញកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍវិស័យទេសចរណ៍រួមគ្នាក្នុង តំបន់អាស៊ាន និងសកលលោក ក៏ដូចជាការរួមគ្នាដោះស្រាយ
នូវវិបត្តិរួមនានា ដែលបាននិងកំពុងប្រឈមផងដែរ។

គួរបញ្ជាល់ថា ចាប់តាំងពីកម្ពុជា បានប្រកាសបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យ “វេទិកាទេសចរណ៍អាស៊ានលើកទី៤០ គឺជាព្រឹត្តិការណ៍អន្តរជាតិដំបូងបង្អស់ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនិងរៀបចំកិច្ចប្រជុំដោយផ្ទាល់នៅខេត្តព្រះសីហនុ។ វេទិកាដ៏ឱឡារឹកនាពេលនេះ សបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កម្ពុជាកំពុងទទួលបាននូវអត្ថប្រយោជន៍ដ៏ធំធេងពីសន្តិភាព សុវត្ថិភាព ស្ថេរភាពនយោបាយ និងការគ្រប់គ្រងបាននូវស្ថានភាពនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩
តាមរយៈការចាក់ស្រោចវ៉ាក់សាំងបង្កើនភាពសាំក្នុងសហគមន៍ ហើយដែលប្រជាពលរដ្ឋ
ម្នាក់ៗបានចាក់វ៉ាក់សាំងយ៉ាងតិច២លើកនិងបានកំពុងដំណើរការចាក់ដូសទី៣ ឬដូសជំរុញ។

បន្ថែមពីលើនេះ ការរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ នាពេលនេះ គឺជាសញ្ញា ដ៏រឹងមាំមួយដែលសបញ្ជាក់ថាយើងបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការបោះជំហានឆ្ពោះទៅរករបៀបវារៈជាអាទិភាព នៃយន្តការពហុភាគីនិយម ក្នុងការផ្លាស់ប្តូរគំនិតយោបល់ ព័ត៌មានល្អៗ ដើម្បីជំរុញ និងអភិវឌ្ឍសម្បទាទេសចរណ៍និងការផ្លាស់ប្តូរភ្ញៀវទេសចរអាស៊ាន ប្រកបដោយគុណភាព និងសុវត្ថិភាព នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ជាសកលនេះ។

នាឱកាសនេះក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តព្រះសីហនុបានជ្រើសយក ដើមស្ទាវ ជាប្រភេទដើមឈើម្យ៉ាងដុះលូតលាស់នៅតំបន់អាស៊ីអាគ្នេយ៍ អូស្ត្រាលីខាងជើង និងតាមបណ្តាកោះនានាក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ដើមស្នាវនេះមានកម្ពស់ចន្លោះពី ៦ ទៅ ៣៥ម៉ែត្រ និងខ្ពស់បំផុត៦០ម៉ែត្រ ហើយលូតលាស់ប្រមាណ ២ម៉ែត្រក្នុង១ឆ្នាំ។ ដើមស្ទាវនេះ ជួយរក្សាស្ថិរភាព និងគុណភាពដីខ្សាច់ មានការលូតលាស់ល្អ និងមានភាពធន់ខ្ពស់ ទោះបីមានកម្រិតជាតិអំបិលខ្ពស់ ជារបាំងខ្យល់ព្យុះ ទប់ ទល់ការហូរច្រោះខ្សាច់នៅតាមឆ្នេរ កាត់បន្ថយសំណឹកដីខ្សាច់់ពីកម្លាំងខ្យល់ ទឹកហូរ ឬរលកសមុទ្រ ធន់នឹងកម្លាំងខ្យល់បក់ និងជួយរក្សាតុល្យភាពអាសូតក្នុងបរិយាកាស៕
អត្ថបទ និងរូបភាពដោយ Puthinews

- Advertisement -spot_imgspot_img

អានបន្ត

spot_imgspot_img
spot_imgspot_img
spot_imgspot_img