28 C
Phnom Penh
Tuesday, June 28, 2022

ក្រសួងកសិកម្មជំរុញដល់មន្ត្រីជំនាញក្រោមឱវាទ ផ្សព្វផ្សាយបន្ថែមទៀត ដល់បណ្ដុំអាជីវកម្មក្នុងខេត្តរតនគិរី ដើម្បីលើកកម្ពស់ជីវភាពកសិករ

រតនគិរី៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ជំរុញ ដល់មន្ត្រីជំនាញមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តរតនគិរីផ្សព្វផ្សាយបន្ថែមទៀត ដល់បណ្ដុំអាជីវកម្មនៅក្នុងខេត្តដើម្បីលើកកម្ពស់ជីវភាពប្រជាកសិករ។

ការជំរុញបែបនេះរបស់លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ក្នុងឱកាសដែលលោកបានដឹកនាំគណៈប្រតិភូកម្មវិធីអស្ប៉ាយ (ASPIRE) ចុះពិនិត្យបណ្ដុំអាជីវកម្មបន្លែនៅភូមិព្រួកនិងបណ្ដុំអាជីវកម្ម ចិញ្ចឹមគោនៅភូមិដីឡូឃុំជ័យឧត្តម ស្រុកលំផាត់។

ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីលោក មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកកម្មវិធីASPIRE ព្រមទាំងមន្ត្រីនៅក្នុងមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ ជាច្រើនរូបផងដែរ។

លោក ហ៊ាន វណ្ណហន បានថ្លែងថា កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុASPIREគឺជាកម្មវិធីរបស់រាជរដ្ឋាភិបាលកម្ពុជាដែលទទួលការគាំទ្រពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) ដែលមានការដឹកនាំនិងសម្របសម្រួលអនុវត្តដោយក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ។ ហើយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មបែបធន់ទៅនឹងបម្រែបម្រួលអាកាសធាតុASPIREមានទិសដៅរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់កសិករមានដីតិច និងបង្កើនភាពធន់របស់កសិករដូចនឹងការបម្រែបម្រួលអាកាសធាតុ។

ជាមួយគ្នានេះលោកក៏បានជំរុញដល់មន្ត្រីនៅមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ខេត្តរតនគិរី ឱ្យខិតខំផ្សព្វផ្សាយបន្ថែមទៀតជាការបញ្ជ្រាបចំណេះដឹងដល់បណ្ដុំអាជីវកម្មទាំងអស់ក្នុងការផលិតចិញ្ចឹមឱ្យពួកគាត់ទទួលបាននូវកំណើនសេដ្ឋកិច្ចគ្រួសារ។

បើតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ខេត្តរតនគិរីបានបញ្ជាក់ថារហូតដល់ដើមឆ្នាំ២០២២ នេះការអនុវត្តផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុASPIREនៅក្នុងខេត្តរតនគិរីបានអនុវត្តនៅក្នុងស្រុកចំនួន ៦ គឺស្រុកអូរជុំ ស្រុកអូយ៉ាដាវ ស្រុកបរកែវ ស្រុកកូនមុំ ស្រុកលំផាត់ និងស្រុកវើនសៃ ដែលមានឃុំចំនួន៣០ភូមិចំនួន៩៥ភូមិ។ ហើយកម្មវិធីASPIREបានបង្កើតនិងគាំទ្របណ្ដុំអាជីវកម្មសរុបមានចំនួន៦២ បណ្ដុំដែលមានគ្រួសារកសិករសរុបចំនួន២.៦០២គ្រួសារ។ ក្នុងនោះបណ្ដុំអាជីវកម្មដំឡូងមីចំនួន៧បណ្ដុំ អាជីវកម្មបន្លែ១៦បណ្ដុំ អាជីវកម្មស្រូវមួយបណ្ដុះអាជីវកម្មចិញ្ចឹមមាន់១៧បណ្ដុំ អាជីវកម្មចិញ្ចឹមគោ៣បណ្ដុំ និងអាជីវកម្មចិញ្ចឹមត្រី១៨បណ្ដុំ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត