សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ នាព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២នេះថា ទូរស័ព្ទរបស់សម្ដេចទាំងអស់ ត្រូវភ្ជាប់ជាមួយប្រព័ន្ធផ្កាយរណប ដើម្បីប្រើប្រាស់អ៊ិនធើណេត។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា បានប្រើប្រាស់ទូរស័ព្ទរបស់ពួកគេ ដើម្បីផ្ទេរប្រាក់ទៅវិញទៅមក ដែលមានភាពងាយស្រួលជាងមុន។ ដូច្នេះ ត្រូវមានការគាំទ្រ និងពង្រឹងនូវវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានេះ ដោយមិនត្រូវតែពង្រឹងនៅក្នុងទីជនបទនោះទេ ពោលគឺទីក្រុងក៏ត្រូវតែពង្រឹងផងដែរ ជាពិសេសទៅលើបញ្ហាសេវាទូរស័ព្ទ របស់ក្រុមហ៊ុននានាតែម្ដង។


សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា «ព្រោះនៅកន្លែងខ្លះ ឧទាហរណ៍ថា អូតែលចុះ ហ្វ្រី WiFi ប៉ុន្តែអាហ្នឹងហ្វ្រីមែន ពិតជាហ្វ្រីៗ ហ្វ្រីវាអត់ទទេម៉ង ព្រោះអី! ខ្ញុំបើសិនជាខ្ញុំចូលមកកន្លែងចឹងៗ ខ្ញុំអត់ប្រើអ៊ិនធើណេត នៅក្នុងបន្ទប់ហ្នឹងបានទេ ព្រោះដាក់ទៅវាវិលខ្ញាល់តែម្ដងៗ ព្រោះចេះ គេធ្វើតម្រូវត្រឹមថា ២០ទូរស័ព្ទ ប៉ុន្តែដល់ឡើង ១០០ទូរស័ព្ទ វាវិលទាំងអស់ វាអត់មានទៅណារួចទេ នៅវិលទាំងអស់ហ្នឹងៗ»។
សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងទៀតថា នៅពេលចូលរួមកម្មវិធីណាមួយ គឺទូរស័ព្ទរបស់សម្ដេចទាំងអស់ ត្រូវភ្ជាប់ជាមួយប្រព័ន្ធផ្កាយរណប ដើម្បីប្រើប្រាស់អ៊ិនធើណេត។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា «ចឹងទេ សម្រាប់ខ្លួនខ្ញុំមួយ គឺខ្ញុំត្រូវប្រើប្រព័ន្ធភ្ជាប់ជាមួយនឹងផ្កាយរណបតែម្ដង ឥឡូវហ្នឹងខ្ញុំកំពុងតែ ទូរស័ព្ទរបស់ខ្ញុំទាំងប៉ុន្មានគ្រឿង គឺត្រូវភ្ជាប់ជាមួយផ្កាយរណបទាំងអស់ ប៉ុន្តែនៅពេលដែលខ្ញុំចេញត្រឡប់ទៅវិញ ទៅដល់ផ្ទះខ្ញុំត្រូវពន្លត់វាចោល ខ្ញុំប្រើWiFi នៅក្នុងផ្ទះរបស់ខ្ញុំទៅវិញ»។
ជាមួយគ្នានេះ សម្ដេចតជោ ហ៊ុន សែន បានស្នើឲ្យក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ និងក្រុមហ៊ុនអ៊ិនធើណេតទាំងអស់ ត្រូវពង្រឹងការប្រើសេវារបស់ខ្លួន នៅទីក្រុងក៏ត្រូវពង្រឹង ហើយពង្រីកទៅតាមទេសចរណ៍នានាផងដែរ៕
ដោយ៖ Puthinews
Telegram Channel: Puthinews
Youtube Channel: Puthi News
Puthinews Android app: Puthi News