ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ អ្នកវិភាគសេដ្ឋកិច្ចលោកបណ្ឌិត ម៉ី កល្យាណ បានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីគឺប្រៀបបាននឹងស្ពានមួយសម្រាប់ត្រួសត្រាយផ្លូវជំរុញដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជាតែប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ គឺស្ថាប័នជំនាញពាក់ព័ន្ធ និងវិស័យឯកជនខ្លួនឯង ត្រូវខិតខំពង្រឹងគុណភាពផលិតផលរបស់ខ្លួន ឲ្យគោរពតាមបទដ្ឋានស្តង់ដារ និងភូតគាមអនាម័យ ទើបយើងអាចទាញយកប្រយោជន៍ជាអតិបរិមាពីកិច្ចព្រមព្រៀងនេះ។

លោកបណ្ឌិត ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ បានបង្ហាញការសាទរចំពោះការសម្រេ ចបានកិច្ចព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន និងគម្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសារធារណៈរដ្ឋកូរ៉េ នៅសប្តាហ៍ក្រោយនេះ ដែលនឹងផ្តល់ប្រយោជន៍ដល់សេដ្ឋកិច្ច និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា នៅពេលកិច្ចព្រមព្រៀងទាំងនេះចូលជាធរមាន។

ប៉ុន្តែលោកថា ដើម្បីទាញយកប្រយោជន៍ឲ្យបានច្រើនពីកិច្ចព្រមព្រៀងទាំងនេះ លុះត្រាអង្គភាពពាក់ព័ន្ធរបស់រដ្ឋាភិបាល ត្រូវខិតខំបន្ថែមទៀតលើកិច្ចការងារជាច្រើន ជាពិសេសវិស័យ កសិកម្ម ខណៈបច្ចុប្បន្ននៅជួបបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធភូតគាមអនាម័យ និងបទដ្ឋានស្តង់ដារ ដែលពិបាកក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសទាំងនោះ។ ចំណែកវិស័យឯកជនខ្លួនឯង ក៏ត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ក្នុងការកែច្នៃ និងពង្រឹងគុណភាពផលិតផល ឲ្យកាន់តែមានលក្ខណៈប្រកួតប្រជែងបន្ថែមទៀតផងដែរ។

ប្រទេសកម្ពុជា គ្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយសាធារណៈរដ្ឋកូរ៉េ នៅថ្ងៃទី ២៦ខែតុលា ឆ្នាំ ២០២១នេះ បន្ទាប់ពីបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាលើកដំបូងរបស់ខ្លួនជាមួយសាធារណៈរដ្ឋប្រជាមានិតចិន កាលពីខែតុលា ឆ្នាំ ២០២០។

លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានឲ្យដឹងនៅក្នុងសន្និ សីទសារព័ត៌មានស្តីពីការរៀបចំ និងចូលរួមរបស់កម្ពុជា ក្នុងពិព័រណ៍ពិភពលោក ២០២០ ឌុយបៃ នៅថ្ងៃនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ដែលគ្រោងចុះហត្ថលេខានៅថ្ងៃទី ២៦ខែតុលានេះ នឹងមានលក្ខណៈបើកចំហទីផ្សារទូលំទូលាយជាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់។

លោកថ្លែងថា ផលិតផលសក្តានុពលរបស់កម្ពុជា ដែលដាក់បញ្ចូលក្នុងកញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសាធារណៈរដ្ឋកូរ៉េ គឺផលិតផលកសិ-ឧស្សាហកម្ម និងកសិកម្ម។ ប៉ុន្តែលោកទទួលស្គាល់ថា ផលិតផលផលរបស់កម្ពុជាមួយចំនួននៅមិនទាន់គោរពតាមបទដ្ឋានស្តង់ដារ និងភូតគាមអនាម័យរបស់ភាគីកូរ៉េនៅឡើយ ដែលចាំបាច់គ្រប់ភាគីពាក់ព័ន្ធ និងវិស័យឯកជនត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតលើការពង្រឹងគុណភាពផលិត និងជំរុញការនាំចេញ។

ក្រសួងពាណិជ្ជកម្មគ្រោងនឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយបណ្តាប្រទេសផ្សេងៗទៀត ដូចជា ចក្រភពអង់គ្លេស, ជប៉ុន, ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី៕

អត្ថបទ និងរូបភាពដោយ៖ Puthinews
Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន