27 C
Phnom Penh
Sunday, June 26, 2022

កាលមួយនោះ មានតោដាច់សង្វែងមួយក្បាល បានដើរចូលមកក្នុងក្រុមហ៊ុនមួយ ហើយវាបានពួនសម្ងំក្នុងកន្លែងងងឹតនៅក្នុងបន្ទប់ទឹក។

ដំបូងឡើយ តោមិនហ៊ានឱ្យមនុស្សឃើញវាទេ តែប៉ុន្មានថ្ងៃក្រោយមក តោស្រេកឃ្លានយ៉ាងខ្លាំង ហើយវាបានស៊ីបុរសម្នាក់ ដែលចូលបន្ទប់ទឹក ហើយបុរសម្នាក់នោះ គឺជាជំនួយការរបស់អ្នកគ្រប់គ្រងទូទៅ។

ការបាត់ខ្លួនរបស់បុរសម្នាក់នេះ មិនបង្កនូវភាពភ្ញាក់ផ្អើលដល់ក្រុមហ៊ុននោះឡើយ ហើយតោក៏កាន់តែព្រហើនលែងខ្លាចមនុស្ស។

បន្ទាប់មក តោបានស៊ីបុរសម្នាក់ទៀត ហើយគាត់គឺជាអ្នកគ្រប់គ្រងទូទៅ រួចមនុស្សម្នាក៏មិនចាប់អារម្មណ៍ដែរ ថែមទាំងមានមនុស្សខ្លះបែរជាត្រេកអរដោយសារអវត្តមានរបស់គាត់ទៅទៀត ដ្បិតតែគាត់គឺជាមេដែលធ្វើបាបកូនចៅ។

មិនយូរប៉ុន្មាន តោបានស៊ីលោកអនុប្រធានក្រុមហ៊ុន ហើយការបាត់ខ្លួនរបស់គាត់បែរជាធ្វើឱ្យកូនចៅធូរទ្រូងទៅវិញ ដ្បិតម្នាក់ៗស្អប់គាត់ និងមិនដែលចង់ជួបគាត់ឡើយ។

ថ្ងៃមួយ បុរសបម្រើទឹកតែបានចូលបន្ទប់ទឹកហើយបានឃើញតោ រួចគាត់ក៏ស្លុតសន្លប់បាត់ស្មារតី តែវាបានធ្វើឱ្យបុគ្គលិកគ្រប់រូប នាំគ្នាដើរស្វែងរកគាត់ ព្រោះគេត្រូវការទឹកតែរបស់គាត់។

តោបានឮសម្រែកមនុស្សស្រែករកបុរសបម្រើទឹកតែ ក៏ភិតភ័យហើយវាក៏រត់ប្រាសអាយុ ចេញពីបន្ទប់ទឹកបាត់ទៅ…

គតិពិចារណា៖ វាមិនមែនជាឋានៈ បុណ្យស័ក្ដិ និងតួនាទីទេ ដែលធ្វើឱ្យអ្នកដទៃគោរពស្រឡាញ់អ្នក នោះវាគឺជាអំពើល្អ ការជួយយកអាសារ និងមនោសញ្ចេតនានៃការស្រឡាញ់រាប់អានគ្នាដោយស្មោះស្ម័គ្រនោះទេ ដែលធ្វើឱ្យគេនៅតែនឹកស្រណោះនិងសោកស្ដាយរូបអ្នក…

ប្រសិនបើការបាត់បង់រូបអ្នក បែរជាធ្វើឱ្យអ្នកដទៃធូរទ្រូង អបអរសាទរ និងសប្បាយចិត្ត នោះអ្នកប្រាកដមិនមែនជាមេដ៏ល្អម្នាក់នោះទេ…

ដោយ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត