28 C
Phnom Penh
Sunday, June 26, 2022

ការប្រកួតពានរង្វាន់កីឡាថាសហោះបញ្ចប់ដោយភាពរីករាយ

ក្រុមកីឡាករកីឡាការិនីភ្នំដា ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតជើងឯកកីឡាថាសហោះរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ នៅថ្ងៃអាទិត្យ ទី០៩ ខែឧសភា ឆ្នាំ២០២២។

ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមកីឡាករកីឡាការិនីកោះកេរ្ដិ៍ និងក្រុមកីឡាករកីឡាការិនីសំបូរព្រៃគុក ទទួលបានចំណាត់លេខ៣ ។
លោក បែ មករា នាយកកម្មវិធីកីឡាភ្នំពេញ នៃស.ស.យ.ក រាជធានីភ្នំពេញ បានលើកឡើងថា ព្រឹត្តិការណ៍នេះមានក្រុមចូលរួមសរុបចំនួន៨ ដោយចែកចេញជាពីរពូល ហើយធ្វើឡើងក្នុងគោលបំណងចម្បង ក្នុងការបំផុសស្មារតីយុវជនឱ្យចូលរួមលេងកីឡាកាន់តែច្រើនបន្ថែមទៀត។

លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រឹងប្រកួតរបស់កីឡាករ កីឡាការិនីរហូតឈានដល់ការស្វែងរកបានម្ចាស់ជ័យលាភីនាពេលនេះ។ បន្ថែមទៀតថា ដោយមើលឃើញពីផលល្អ នៃកីឡាមួយនេះ ដែលមានគោលការណ៍ Fair-Play ត្រឹមត្រូវ ដោយលេងមិនមានអាជ្ញាកណ្ដាល ហើយវាបានផ្ដោតសំខាន់លើភាពស្មោះត្រង់ជាគោលនោះ ដូច្នេះលោកបានជំរុញយុវជន និងប្រជាពលរដ្ឋកម្ពុជាចូលរួមលេងកីឡាថាសហោះឱ្យបានច្រើន ដើម្បីអភិវឌ្ឍកីឡានេះឱ្យកាន់តែរីកចម្រើន ឈានទៅរកការប្រកួតទាំងថ្នាក់ជាតិ និងអន្ដរជាតិ នាពេលខាងមុខ។

លោក បែ មករា សង្កត់ធ្ងន់ថា កីឡាថាសហោះនេះ គឺជាប្រភេទកីឡាថ្មីមួយ សម្រាប់កម្ពុជា ហើយការរៀបចំកាប្រកួតនេះ គឺដើម្បីបំផុសឱ្យយុវជនចូលរួមលេងកីឡាឱ្យកាន់តែច្រើន ព្រមទាំងចូលរួមគាំទ្រដល់យុទ្ធនាការឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ “ដូច្នេះក្នុងនាមយើងទាំងអស់គ្នា ជាប្រជាពលរដ្ឋ និងយុវជនខ្មែរទាំងអស់សូមចូលរួមគាំទ្រដល់ស៊ីហ្គេម ឆ្នាំ២០២៣ ទាំងអស់គ្នា ជាពិសេសធ្វើឱ្យពិភពលោកបានស្គាល់កម្ពុជាបន្ថែម តាមរយៈការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ខាងមុខនេះ”៕


ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត