កែប៖ ក្នុងមួយរយៈពេលចុងក្រោយនេះស្ថានភាពកូវីដ១៩ នៅខេត្តកែប គ្មានករណីចម្លងថ្មី ហើយក៏មិនមានអ្នកជំងឺកូវីដ១៩ សម្រាកនៅមន្ទីរពេទ្យដែរ ចំពោះការចាក់វ៉ាក់សាំងដូសទី៣ ដែលជាដូសជំរុញ ក៏កំពុងដំណើរការចាក់ជួន ប្រជាពលរដ្ឋទូទៅហើយដែរ មកទល់ពេលនេះ បានប្រមាណជាង ៣០%។


នេះបើតាមការឲ្យដឹងពីលោកឱសថការី ម៉ែន សុធី ប្រធានមន្ទីរសុខាភិបាល ខេត្តកែបបានឲ្យភ្នាក់ងារ Puthi News ដឹងនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ។
លោក ម៉ែន សុធី បន្ថែមថា យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល មេរោគកូវីដ១៩ បំប្លែងខ្លួនថ្មី អូមីក្រុង បានរាតត្បាតចូលក្នុងសហគមន៍មួយចំនួនហើយ ដោយឡែកដើម្បី ត្រៀមលក្ខណៈទុកជាមុន មន្ទីរបានដាក់ចេញនូវវិធានការមួយចំនួនរួចជាស្រេច ជាពិសេសក្នុងការ ជំរុញឲ្យប្រជាពលរដ្ឋ ដែលនៅមិនទាន់ទទួលវ៉ាក់សាំង ទាំងដួសជំរុញ និងដួសបឋម ធ្វើយ៉ាងណាឲ្យពួកគាត់បានទទួលវ៉ាក់សាំងបង្ការនេះឲ្យបានគ្រប់ៗគ្នា និងលឿនបំផុត តាមដែលអាចធ្វើទៅបាន។




លោកបន្តថា ដើម្បីបង្ការបន្ថែមក្នុងករណីមានការចម្លងចូលសហគមន៍ខេត្តកែប នូវអូមីក្រុង នេះ មន្ទីរបានត្រៀមនូវសម្ភារៈ បរិក្ខារពេទ្យ និងធនធានមនុស្ស សម្រាប់មន្ទីរពេទ្យគោលដៅរបស់យើង ក្នុងនោះដែរបញ្ជ្រាបបន្ថែមនូវការអប់រំផ្សព្វផ្សាយនូវវិធានការ ៣កុំ ៣ការពារ ជាដើម។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តកែប ក៏ទើបតែចេញ សេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំង កូវីដ១៩ (ស៊ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំ ចាប់ពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ តទៅ នៅមន្ទីរពេទ្យខេត្តកែប និងតាមបណ្តា មណ្ឌលសុខភាពទាំង ៥ទីតាំង៕
អត្ថបទ និងរូបភាពដោយPuthinews
YOUTUBE | Puthinews