30 C
Phnom Penh
Monday, June 27, 2022

កសិករត្រូវជ្រើសរើសពូជដំណាំដំឡូងមី ដែលមានគុណភាព និងសុខភាពល្អមកដាំ ដើម្បីកើនទិន្នផលខ្ពស់ និងកើនប្រាក់ចំណេញ

បាត់ដំបង៖ ដើម្បីឆ្លើយតបតាមតម្រូវការដាំដុះដំណាំដំឡូងមី កាន់តែមានភាពងាយស្រួលដាំ និងមានភាពធន់នឹងការរាំងស្ងួត ទទួលបានទិន្នផលខ្ពស់ និងមានប្រាក់ចំណូលខ្ពស់ដល់កសិករនោះ អគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានខិតខំស្រាវជ្រាវរកពូជដំឡូងមី ជាពិសេសអំពីបច្ចេកទេសដាំដុះយកមកធ្វើការផ្សព្វផ្សាយ ដើម្បីផ្តល់នូវបទពិសោធន៍និងជំនាញបច្ចេកទេសជូនដល់កសិករជាបន្តបន្ទាប់ ជាក់ស្តែងទិវាចម្ការបង្ហាញផលិតកម្មពូជដំណាំដំឡូងមី ដែលមានសុខភាពល្អ ត្រូវបានធ្វើការបង្ហាញជាសាធារណៈ នៅក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដើម្បីធ្វើការពន្យល់និងណែនាំឱ្យកសិករចេះជ្រើសរើសពូជដំឡូងមី ដែលមានសុខភាពល្អតាមបច្ចេកទេសមកដាំដុះ ចៀសវាងការដាំដុះតាមទម្លាប់ ស្របពេលដែលតម្រូវការទីផ្សារដំឡូងមី កំពុងត្រូវការអំពីគុណភាពដំឡូងមី មានម្សៅច្រើនសម្រាប់ធ្វើការនាំចេញ ។

អនុប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់និងនេសាទខេត្តបាត់ដំបង លោក អ៊ិន សុវណ្ណមុនី បានបញ្ជាក់ថា ក្រសួង ក៏ដូចជាមន្ទីរ មានបំណងចង់ឱ្យកសិករធ្វើការផ្លាស់ប្តូរទម្លាប់របស់គាត់ មកប្រើប្រាស់ពូជបច្ចេកទេស ដែលស្អាតធានានូវសុខភាពដល់ការលូតលាស់ល្អ ផ្តល់នូវទិន្នផលខ្ពស់ ហើយដំឡូងមានម្សៅច្រើន សម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារនាំចេញ ។

ជាកសិករដាំដំណាំដំឡូងមីនៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ដែលទទួលបានជំនាញបច្ចេកទេសដាំដំឡូងមី ពីអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អ្នកស្រី ជា គឹមសយ បានបញ្ជាក់ថា ការដាំដុះតាមទម្លាប់និងតាមបច្ចេទេស បើធ្វើការប្រើធៀបគឺសុខគ្នាឆ្ងាយណាស់ ។ អ្នកស្រី បានឱ្យដឹងថា ការដាំតាមបែបទម្លាប់ទិន្នផលជាមធ្យមជាង២២តោនក្នុង១ហ.ត ដោយឡែកការដាំតាមបច្ចេកទេសទិន្នផលជាមធ្យមគឺជាង៤២តោនឯណោះ ក្នុង១ហ.ត ។

លោក អ៊ិន សុវណ្ណមុនី បានជំរុញបន្ថែមដល់កសិករទូទៅ សូមងាកមកដាំដំណាំដំឡូងមី តាមបច្ចេកទេស ដោយបោះបង់ចោលការដាំដំឡូងមីតាមទម្លាប់ ដើម្បីទទួលបានទិន្នផលខ្ពស់ កើនប្រាក់ចំណេញ គ្រួសារមានប្រាក់ចំណូលខ្ពស់ ហើយជីវភាពរស់នៅមានភាពធូរធារផងដែរ ។
សូមបញ្ជាក់ថា ដំឡូងមី គឺជាដំណាំមានសារៈសំខាន់ទី២ បន្ទាប់ពីដំណាំស្រូវ ក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលដំណាំដំឡូងមីជាទូទៅប្រជាកសិករនិយមដាំ ដើម្បីយកមើម ពីព្រោះដំណាំប្រភេទនេះ ងាយស្រួលដាំ និងមានភាពធន់ទ្រាំទៅនឹងការរាំងស្ងួត ។ តាមរយៈនៃការធ្វើទិវាចម្ការបង្ហាញនេះ កសិករបានយល់ដឹង ច្បាស់អំពីបច្ចេកទេសក្នុងការដាំនិងការជ្រើសរើសពូជល្អ ដែលមានគុណភាព ធន់នឹងភាពបម្រែបម្រួលអាកាសធាតុ សម្រាប់យកមកធ្វើការដាំដុះនៅក្នុងតំបន់តាមលក្ខខ័ណ្ឌបច្ចេកទេសច្បាស់លាស់ ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត