27 C
Phnom Penh
Sunday, June 26, 2022

កសិករដាំបណ្តុំស្វាយប្រគៀបនៃឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង បង្ហាញនូវភាពសប្បាយរីករាយ ដែលពួកគាត់គ្រប់គ្រងតម្លៃបន្លែលើទីផ្សារបានថ្លៃល្អ តាមរយៈការចូលជាសមាជិកបណ្តុំ

បាត់ដំបង៖ ជាសមាជិកបណ្តុំបៃតងស្វាយប្រគៀប នៅភូមិស្វាយប្រគៀប ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង អ្នកស្រី បឿត គឹមបាត់ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានប្រចាំខេត្តបាត់ដំបង ទាំងទឹកមុខញញឹមញញែម ដោយបានបញ្ជាក់ថា ក្រៅពីការងារបង្កបង្កើនផលស្រូវត្រូវបានបញ្ចប់ ក្រុមគ្រួសាររបស់អ្នកស្រី ក៏ដូចជាអ្នកភូមិផងរបងជាមួយគ្នានេះ បានចាប់យកការដាំបន្លែងគ្រប់ប្រភេទ ដោយឡែកអ្នកស្រី បានដាំបន្លែស្ពៃក្តោប នៅជុំវិញលំនៅដ្ឋានរបស់គាត់មិនឲ្យទំនេរដីឡើយ ដើម្បីរកប្រាក់ចំណូលបន្ថែមមកផ្គត់ផ្គង់ជីវភាពគ្រួសារ ។

អ្នកស្រី បឿត គឹមបាត់ បានបញ្ជាក់ទៀតថា សម្រាប់បន្លែស្ពៃក្តោបរហូតមកដល់នឹងពេលនេះ ហាក់បីដូចជាមានតម្លៃល្អជាងឆ្នាំមុខ ខណៈពេលដែលអ្នកស្រីបានចូលជាសមាជិកបណ្តុំបៃតងស្វាយប្រកៀប ដើម្បីធ្វើការដាំបន្លែទៅតាមផែនការ ដែលទីផ្សារចង់បាន មានន័យថា ការដាំបន្លែមិនអាចដាំតែមួយមុខ ឬតាមតែចិត្តយើងចង់ដាំនោះទេ ដើម្បីកុំឲ្យការប្រមូលផលជុំគ្នាច្រើនហួសតម្រូវការទីផ្សារ នាំឲ្យបន្លែត្រូវធ្លាក់ថ្លៃខ្លាំង ហើយគ្មានអ្នកទទួលទិញទៀតផង ។

ប្រធានស្តីទីការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកបាណន់ លោក សឹង សុវណ្ណ បានបញ្ជាក់ថា ប្រជាកសិករនៅក្នុងបណ្តុំបៃតងស្វាយប្រកៀបនេះ ស្ថិតក្នុងគម្រោងកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា (ASPIRE) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលបានផ្តល់នូវជំនាញបច្ចេកទេស ក្នុងការដាំដុះដំណាំបន្លែគ្រប់ប្រភេទ ដើម្បីធ្វើការលើកកម្ពស់ដល់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានភាពធូរធារ តាមរយៈការចូលជាសមាជិកបណ្តុំ និងសហគមន៍កសិកម្ម ដើម្បីរក្សាតម្លៃតាមកិច្ចសន្យា ។

លោក សឹង សុវណ្ណ បានសំណូមពរដល់ប្រជាកសិករទាំងអស់ សូមចូលជាសមាជិកបណ្តុំកសិកម្ម ឬសមាជិកសហគមន៍កសិកម្មឲ្យបានគ្រប់គ្នា ដើម្បីធ្វើការដាំដុះដំណាំបន្លែតាមផែនការដែលទីផ្សារត្រូវការ ងាយស្រួលក្នុងការប្រមូលផលមិនឲ្យជាន់គ្នា កាលណាជាន់គ្នាច្រើនធ្វើឲ្យការផ្គត់ផ្គង់ទីផ្សារហួសតម្រូវការ នាំឲ្យតម្លៃបន្លែត្រូវធ្លាក់ចុះ មានន័យថា ការចូលជាសមាជិករបណ្តុំកសិករហើយ គឺកសិករមិនមានការព្រួយបារម្ភអំពីតម្លៃនោះឡើយ ដោយសារតែកសិករមានកិច្ចសន្យាច្បាស់លាស់រវាងអ្នកទទួលទិញ និងអ្នកដាំដុះ ៕

អត្ថបទ និងរូបភាពដោយPuthinews

- Advertisement -spot_imgspot_img

អានបន្ត