កំពង់ធំ៖ ប្រជាកសិករចាប់ផ្ដើមប្រមូលផលដំឡូងមី នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានត្អូញត្អែរថា តម្លៃទីផ្សារនៅតាមដេប៉ូនីមួយៗ គ្មានលំនឹង ខណៈមន្ដ្រីជំនាញនឹងចុះស្រាវជ្រាវករណីនេះបន្ថែមទៀត។


លោកស្រី ញឿ សុផល អាយុ៥៣ឆ្នាំ រស់នៅភូមិពពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្ដាន់ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះថា កាលពីឆ្នាំមុនៗ តម្លៃដំឡូង ត្រឹមតែ ៣៥០រៀល ប៉ុណ្ណោះ តែតម្លៃនេះវាថេរយៈពេល១០ថ្ងៃ តែនៅពេលចូលមកឆ្នាំ២០២២នេះ ឡើងតម្លៃបាន៤០០រៀល បានត្រឹមតែ ១ម៉ោងប៉ុណ្ណោះ។ ពួកគាត់បានបញ្ជាក់ថា ហេតុដូច្នេះគឺពួកគាត់ធ្វើមិនទាន់ឡើយ ហើយការដឹកជញ្ជូនបន្ទាន់ លុះដល់ពេលល្ងាច តម្លៃក៏ធ្លាក់ចុះតែម្ដងរហូតបានបង្ខំចិត្តលក់ឱ្យឈ្មួញ។ លោកស្រីបានបន្តទៀតថា ក្នុង១ហិកតាដីគាត់អាចប្រមូលផលដំឡូងបានចន្លោះពី ៣០ ទៅ៤០តោន អាចចំណេញបានថវិកាបានខ្លះៗ ជាង៣ទៅ៤លានរៀលដែរ។


លោក វ៉ាន់ ចាន់ឌី អាយុ ៣៥ឆ្នាំ រស់នៅភូមិពពកសាមគ្គី ឃុំមានរិទ្ធ ស្រុកសណ្ដាន់ បានប្រាប់ឱ្យដឹងដែរថាការប្រមូលផលដំឡូង ក្នុង១ហិកតា បានចន្លោះពី៣លានទៅ៥លានរៀល ដោយ ប្រើរយៈពេលដាំដុះជាង៦ខែ ដូច្នេះហើយធ្វើឱ្យជីវភាពក្នុងគ្រួសារគាត់ល្អប្រសើរជាងមុន។


ចំណែកប្រជាកសិករផ្សេងៗទៀតបានរៀបរាប់ស្រដៀងគ្នាៗថា សព្វថ្ងៃនេះនៅតាមឃ្លាំង តាមដេប៉ូ ទិញដំឡូងមីហាក់បីមានចេតនា មិនចង់ឱ្យពួកគាត់ទទួលបានចំណេញ ច្រើន ដោយ១ម៉ោងឡើងថ្លៃ ហើយ១ម៉ោងចុះថ្លៃ នៅពេលដែលគាត់ប្រមូលផល ឬដឹកមិនទាន់ ជញ្ជូនទៅដល់គោលដៅ គឺតម្លៃឡើងខ្ពស់រហូតដល់៤០០រៀលក្នុង ១គីឡូក្រាម។
លុះដល់ពេលល្ងាច តម្លៃចុះថោកភ្លាមៗតែម្តង ដល់ពេលថ្ងៃ ពួកគាត់ជាប្រជាកសិករនាំគ្នាដឹកជញ្ជូនជាហូរហែ គឺតម្លៃមានការប្រែប្រួលភ្លាមៗ ដោយថ្ងៃខ្លះតម្លៃត្រឹមតែ ២៥០រៀល ឬ ៣០០ រៀលប៉ុណ្ណោះ ដូច្នេះហើយពួកគាត់សូមសំណូមពរ ឱ្យអាជ្ញាធរ មន្ត្រីជំនាញ អន្តរាគមន៍ និងចុះពិនិត្យឱ្យបានទាន់ពេលវេលាកុំឱ្យឈ្មួញចេះតែដាក់តម្លៃដោយចិត្តឯង។


ទាក់ទិននឹងករណីនេះ លោក ប៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរ កសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានប្រាប់ ឱ្យដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ថា ចំពោះតម្លៃដំឡូងមីដែលមិនថេរនោះ គឺមន្ត្រីជំនាញនឹងធ្វើការស្រាវជ្រាវបន្ថែមទៀត ហើយមិនអនុញ្ញាតឱ្យឈ្មួញធ្វើអ្វីទៅតាមទង្វើចិត្តនោះដែរ។


ប្រធានមន្ទីរ បញ្ជាក់ថា បច្ចុប្បន្ននេះនៅខេត្តកំពង់ធំមានផ្ទៃដីដំឡូងមីដាំដុះ ចំនួន៤៨.៤៣៧ ហិកតា ទិន្នផលជាមធ្យម២២,០៥តោន ក្នុង១ហិកតា បរិមាណផលសរុប ចំនួន ១.០៦៨.១០០តោន តម្លៃស្រស់ ចន្លោះ៣៦០ ទៅ៣៨០រៀល ក្នុងគីឡូក្រាម៕


អត្ថបទ និងរូបភាពដោយ៖ Puthinews
Telegram group: Puthinews
YOUTUBE | Puthinews
WEBSITE | Puthinews