ភ្នំពេញ៖ សមត្ថកិច្ចកំពុងតាមចាប់ខ្លួនក្រុមមេក្លោងដែលជាអង្គការចាត់តាំង និងទណ្ឌិតដែលក្រុមជនប្រដាប់អាវុធរំដោះនៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣នេះ ចំណុចគ្លីនិកធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ ការតាមចាប់មេក្លោង គឺបន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនក្រុមប្រដាប់អាវុធចំនួន៧នាក់ ដែលជាអ្នកធ្វើសកម្មភាពរំដោះអ្នកទោស។


ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ធ្វើសន្និសីទកាសែតបង្ហាញមុខក្រុមប្រដាប់អាវុធរំដោះអ្នកទោសនៅខេត្តសៀមរាប។ សន្និសីទកាសែតនេះ ធ្វើនៅមន្ទីរប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ។


ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការសមត្ថកិច្ចបង្ក្រាបបានចំនួន៧នាក់ ក្នុងនោះមានខ្មែរអាមេរិកចំនួន៦នាក់ និងចិន ១នាក់ កាន់ប៉ាស្ព័រអាមេរិក ហើយកំពុងតាមស្រាវជ្រាវចាប់មេក្លោង និងទណ្ឌិត ដែលរំដោះឱ្យបានក្នុងពេលដ៏ខ្លីខាងមុខនេះ។ ក្រុមនេះមានអង្គការចាត់តាំងច្បាសលាស់។


ក្រុមជនប្រដាប់អាវុធដែលរំដោះអ្នកទោសជាឧក្រិដ្ឋជនគ្រឿងញៀន នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានហើយ។ បច្ចុប្បន្នសមត្ថកិច្ចកំពុងតែតាមចាប់ឧក្រិដ្ឋជនដែលកំពុងរត់រួច។


ក្រុមប្រដាប់អាវុធប្លន់ទណ្ឌិត ដែលចាប់ខ្លួនមានដូចជា៖
១. ឈ្មោះ ក្លូអេ យេនរ៉ុង ភេទស្រី ជនជាតិ ចិន កាន់ប៉ាស្ព័រអាមេរិក
២. ឈ្មោះ ផេង ប្រាសិទ្ធសិទ្ធ (ខ្មែរអាមេរិក)
៣. ឈ្មោះ អ៊ិន ចាន់ធី (ខ្មែរអាមេរិក)
៤. ឈ្មោះ សាវី សាវុធ (ខ្មែរអាមេរិក)
៥. ឈ្មោះ សំ ដេវីដ (ខ្មែរអាមេរិក)
៦. ឈ្មោះ រឹម សុផល (ខ្មែរអាមេរិក)
៧. ឈ្មោះ ហ្វ្រូស សារ៉ាត់ សៀន (ខ្មែរអាមេរិក)។
ចំណែកទណ្ឌិតដែលកំពុងតាមចាប់ខ្លួនឈ្មោះ Chen Hsin Han ជនជាតិ ចិនតៃវ៉ាន់ ជាមេក្លោងជួញដូរគ្រឿងញៀន រួមទាំងក្រុមអង្គការចាត់តាំងមួយចំនួនទៀត។


ប្រភពបានឱ្យដឹងថា មិនពេលកើតហេតុ មន្ដ្រីពន្ធនាគារចំនួន៤នាក់ បានបញ្ជូនទណ្ឌិតជនជនជាតិចិន ទៅគ្លីនិកធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធបានភ្ជង់មន្ដ្រីពន្ធនាគារ ហើយរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើងបានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន៤នាក់ថែមទៀត។ រួចនាំមន្ត្រីពន្ធនាគារ ចូលទៅក្នុងបន្ទប់គ្លីនិក។


ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សែងបារី ពាក់ស្លាកកលេខភ្នំពេញ2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះឃើញយកទៅផ្លុងចោល។ ក្នុងនោះសមត្ថកិច្ចជំនាញប្រទះឃើញ កាំភ្លើងខ្លីចំនួន៥ដើម និងសម្ភារមួយចំនួនទៀត៕
ដោយ៖ Puthinews
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News