30 C
Phnom Penh
Thursday, June 30, 2022

កម្ពុជា និងសាធារណរដ្ឋឆែក បេ្តជ្ញាបន្តពង្រឹង និងពង្រីកសក្តានុពលកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ និងថាមពល

ភ្នំពេញ៖ កម្ពុជា និងសាធារណរដ្ឋឆែក បេ្តជ្ញាបន្តពង្រឹង និងពង្រីកសក្តានុពលកិច្ចសហប្រតិបត្តិការលើវិស័យរ៉ែ និងថាមពល ដោយជំរុញការអភិវឌ្ឍវត្ថុធាតុដើមធនធានរ៉ែ ការធ្វើឧស្សាហកម្ម និងការប្រើប្រាស់ធនធានរ៉ែដោយមានការគិតគូរពីបរិស្ថាន។

ការប្តេជ្ញាបែបនេះរវាងភាគីទាំងពីរត្រូវបានធ្វើឡើងនៅក្នុងកិច្ចជំនួបវាង លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោក Martin Vavra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា នាទីស្តីការក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២។

លោករដ្ឋមន្ត្រី ស៊ុយ សែម បានមានប្រសាសន៍ថា បច្ចុប្បន្នភាពនៃការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា និងការរៀបចំផែនការមេអភិវឌ្ឍថាមពលថ្មីឆ្នាំ២០២២-២០៤០។ ក្នុងនោះ ចំណុចសំខាន់ចំនួន ២ ដែលរដ្ឋមន្ត្រីបានគូសបញ្ជាក់ គឺការបង្កើនសមាមាត្រនៃប្រភពថាមពលស្អាតក្នុងប្រភពថាមពលចម្រុះសរុបរបស់កម្ពជា ដើម្បីចូលរួមដោះស្រាយគោលដៅបរិស្ថាន ជាមួយនឹងការយកចិត្តទុក ដាក់បំពេញតម្រូវការនៃកំណើនសេចក្តីត្រូវការប្រើប្រាស់ថាមពលនាពេលអនាគតឱ្យបានគ្រប់គ្រាន់ ការធានាសន្តិសុខថាមពលដែលអាចទុកចិត្តបាននិងមានតំលៃសមរម្យ ព្រមទាំងលើកទឹកចិត្តការប្រើប្រាស់ធនធានថាមពលក្នុងស្រុក និងអាំងតង់ស៊ីតេនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ធៀបទៅនឹងសេណារីយ៉ូចាស់តាមទម្លាប់ដែលកម្ពុជាធ្វើការអភិវឌ្ឍពីមុនមក គឺនឹងបន្ថយអាំងតង់ស៊ីតេនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើន ធៀបទៅនឹងការអភិវឌ្ឍតាមទម្លាប់ចាស់។

លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យឯកអគ្គរដ្ឋទូតសាធារណរដ្ឋឆែក ជួយជំរុញការអនុវត្តកិច្ចព្រមព្រៀងអនុស្សារណៈយោគយល់គ្នារវាងក្រសួងរ៉ែ និងថាមពល និងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឆែក ស្តីពី “កិច្ចសហប្រតិបត្តិការវិស័យរ៉ែលើការស្រាវជ្រាវភូគព្ភសាស្រ្ត និងជំនួយផ្នែកបច្ចេកទេស” ដែលចុះហត្ថលេខាកាលពីឆ្នាំ២០១៩ ដោយក្នុងនោះរួមមាន៖ ការកសាងសមត្ថភាព ការអភិវឌ្ឍវត្ថុធាតុដើមធនធានរ៉ែ ការធ្វើឧស្សាហកម្ម និងការប្រើប្រាស់ធនធានរ៉ែដោយមានការគិតគូរពីបរិស្ថាន ការផ្តល់ជំនួយបច្ចេកទេសក្នុងការវាយតម្លៃផលប៉ះពាល់បរិស្ថានសម្រាប់គម្រោងអាជីវកម្មរ៉ែ ការវាយតម្លៃសក្តានុពលធនធានរ៉ែ ការស្រាវជ្រាវ និងការអភិវឌ្ឍភូគព្ភសាស្រ្ត ជាដើម៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

- Advertisement -spot_imgspot_img

អានបន្ត