27 C
Phnom Penh
Sunday, June 26, 2022

កម្ពុជា និងជប៉ុន បានព្រមព្រៀងគ្នាក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ពីភាពជាដៃគូយុទ្ធសាស្ត្រទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសមភាគីជប៉ុន លោកKishida Fumio ក្នុងជំនួបទ្វេភាគីកាលពីថ្ងៃទី២៣ ខែមេសា នៅទីក្រុង Kumamoto ប្រទេសជប៉ុន ក្រៅកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកស្តីពីបញ្ហាទឹកលើកទី៤ នេះបើយោងតាមលោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី។

មេដឹកនាំទាំងពីរក៏បានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ពួកគេ ជាពិសេសលើវិស័យទឹក សន្តិសុខ និងការពារជាតិ ព្រមទាំងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

លោកនាយករដ្ឋមន្ត្រី Kishida បានបញ្ជាក់ថា ការបន្តគាំទ្ររបស់ប្រទេសជប៉ុនក្នុងការអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅក្នុងខេត្តព្រះសីហនុ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា។

នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់សារជាថ្មីថា ជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការ និងគាំទ្រកម្ពុជាក្នុងនាមជាប្រធានអាស៊ានក្នុងបញ្ហាមីយ៉ាន់ម៉ា និងធ្វើការជាមួយកម្ពុជាលើបញ្ហាសមុទ្រចិនខាងត្បូង បញ្ហាឧបទ្វីបកូរ៉េ និងវិបត្តិរុស្ស៊ី-អ៊ុយក្រែន។

លោក ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រទេសជប៉ុនសម្រាប់ការគាំទ្រចំពោះការអភិវឌ្ឍន៍កំពង់ផែសមុទ្រទឹកជ្រៅ ដោយសង្កត់ធ្ងន់ថា ខ្លួននឹងជំរុញការនាំចេញរបស់ប្រទេស និងសម្រួលដល់ការនាំចូលដោយមិនពឹងផ្អែកលើកំពង់ផែនៃប្រទេសផ្សេងទៀតនៅក្នុងតំបន់។

នាយករដ្ឋមន្ត្រីកម្ពុជាសង្ឃឹមថា ជប៉ុននឹងបន្តជួយកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ទឹកស្អាត ការធ្វើប្រព្រឹត្តកម្មទឹកសំណល់ សន្តិសុខ និងការពារជាតិ។

បន្ទាប់ពីជំនួបទ្វេភាគីនោះនាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក Tetsuo Saitoo រដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន។

អត្ថបទដោយ ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img

អានបន្ត