ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ ២០២២ បានថ្លែងថា កម្ពុជានឹងខិតខំបន្តពង្រឹងកិច្ចសហការអាស៊ានជាមួយសាធារណរដ្ឋប្រជាមានិតចិនឱ្យកាន់តែប្រសើរឡើងដើម្បីធានានូវចីរភាព បរិយាប័ន្ន និងភាពធន់ នៃកិច្ចអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចក្នុងតំបន់ទាំងពីរ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងសុន្ទរកថាថ្លែងក្នុងពិធីបើកសម្ពោធពិព័រណ៍ចិន-អាស៊ាន លើកទី ១៩ ឆ្នាំ ២០២២ នៅទីក្រុងណាននីង, ក្រោមប្រធានបទ “ការចែករំលែកកាលានុវត្តភាពថ្មី ដលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដើម្បីស្ថាបនាតំបន់ពាណិជ្ជ កម្មសេរី ចិន-អាស៊ាន ទម្រង់ ៣.០” ថ្ងៃ១៦-១៩ ខែកញ្ញា ឆ្នាំ ២០២២ ។


សម្តេចតេជោនាយករដ្ឋមន្រ្តីថ្លែងថា “ខ្ញុំពិតជាមានសេចក្តីសោមនស្សដោយបានចូលរួមថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងពិធីបើកសម្ពោធពិព័រណ៍ ចិន-អាស៊ានលើកទី១៩ ក្រោមប្រធានបទ “ការចែករំលែកកាលានុវត្តភាពថ្មីដែលទទួលបានពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាស៊ប) ដើម្បីស្ថាបនាតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ទម្រង់ថ្មី ៣.០”។
សម្តេចតេជោបន្តថា ជាការពិតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ានា និងចិន សម្រេចបាននូវសមិទ្ធផល ប្រកបដោយផ្លែផ្កាជាច្រើនចាប់តាំងពីការចុះហត្ថលេខាលើក្រប ខណ្ឌកិច្ចព្រមព្រៀងឋ ស្ដីពីកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងចិនក្នុងឆ្នាំ ២០០២ និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោ គនានាជាបន្តបន្ទាប់។
ក្នុងស្មារតីនេះឈរលើមូលដ្ឋាននៃភាពជោគជ័យ នៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់១០និងទម្រង់ ២.០ កន្លងមកកម្ពុជា សូមគាំទ្រដល់គំនិត ផ្តួចផ្តើមស្ដីពីការលើកកម្ពស់កិច្ចព្រមព្រៀងនេះទៅជាទម្រង់ថ្មី ៣.០ និងយល់ថា ត្រូវផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងអាស៊ាន និងចិន ឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ដោយផ្តោតលើការកាត់បន្ថយរបាំងពាណិជ្ជកម្មទំនិញ សេវាកម្ម និងវិនិយោគនានាព្រមទាំងជំរុញ កិច្ចអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កំណើនបៃតង និងការបង្កើនសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (SMEs) ។
សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ការចាប់ផ្តើមអនុវត្តអាសិបក្នុងឆ្នាំនេះក្រៅពីការបង្កើតបន្ថែម និងនាំមកនូវកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគជាច្រើនសម្រាប់ ប្រទេសក្នុងតំបន់ក៏បាន និងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយដល់ការលូតលាស់វិស័យខាងលើនេះផងដែរ ជាពិសេសនឹងក្លាយជា“ក្របខណ្ឌស្នូល” សម្រាប់ ការស្ថាបនាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ទម្រង់ ៣.០ នាពេលខាងមុខ។
សម្តេចតេជោបានបន្តថា សម្រាប់កម្ពុជាជាមួយនឹងការសម្រេចបាននូវ “ភាពស៊ាំសហគមន៍រឹងមាំ” រាជរដ្ឋាភិបាល បានបើកប្រទេស និងដំណើរការឡើងវិញនូវរាល់សកម្ម ភាពផលិតកម្មធុរកិច្ច និងពាណិជ្ជកម្មទាំងអស់ ក្នុងស្រុក ចាប់តាំងពីចុងឆ្នាំ ២០២១ មក ។ ជាងនេះទៅទៀត ក្នុងរយៈពេលជាង២ឆ្នាំ កន្លងមកនេះ រាជរដ្ឋាភិបាលបាន ខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ និងដាក់ចេញឱ្យ អនុវត្តនូវកម្មវិធីកែទម្រង់ជាបន្តបន្ទាប់ តាមរយៈការដាក់ឱ្យអនុវត្តនូវ “ច្បាប់ស្ដីពីវិនិយោគថ្មី”,”ក្របខណ្ឌគោលនយោបាយសង្គម-សេដ្ឋកិច្ចឌីជីថលកម្ពុជា ២០២១-២០៣៥”, “ក្របខណ្ឌ យុទ្ធសាស្ត្រ និងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយ កូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីសម្រាប់ឆ្នាំ២០២១-២០២៣” និងការសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, កម្ពុជា-កូរ៉េ។ល។សំដៅជំរុញការងើប ឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា៕
ដោយ៖ Puthinews
Telegram Channel: Puthi News
Youtube Channel: Puthi News
Puthinews Android app: Puthi News