27 C
Phnom Penh
Thursday, December 8, 2022

កម្ពុជាត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នាដើមខែក្រោយ

(ភ្នំពេញ)៖ នៅសល់ជាង ១សប្ដាហ៍ទៀតប៉ុណ្ណោះ មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី(OCA) លើកទី៤១ នៅរាជធានីភ្នំពេញ នឹងមកដល់ ខណៈកម្ពុជាបានត្រៀមខ្លួនរួចរាល់ ដើម្បីស្វាគមន៍ និងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ពិសេសដើម្បីបង្ហាញពីសភាពការណ៍ពិត សន្ដិភាព និងការអភិវឌ្ឍ ដល់បណ្ដាប្រទេសចលនាអូឡាំពិកអន្ដរជាតិទាំងអស់ ដែលនឹងមកចូលរួមមហាសន្និបាតនេះ។

នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោយបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមធ្វើម្ចាស់ផ្ទះមហាសន្និបាត OCA នៅសណ្ឋាគារសុខា កាលពីល្ងាចថ្ងៃទី២០ ខែកញ្ញាម្សិលមិញ ដែលដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាំតិ CAMSOC។

អគ្គលេខាធិការខាងលើ បានគូសបញ្ជាក់ថា មហាសន្និបាត OCA ដែលកម្ពុជាទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះរៀបចំលើកដំបូងនេះ នឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី០១-០៥ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ។ មកទល់ពេលនេះ កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ រង់ចាំតែការទទួលបដិសណ្ឋារកិច្ចប្រតិភូ និងភ្ញៀវប្រមាណ ៤០០នាក់ មកពី ៤៥ប្រទេសនៃទ្វីបអាស៊ី និងបណ្ដាប្រទេសសមាជិក IOC ជាច្រើនទៀត ដែលនឹងចូលរួមមហាសន្និបាតនាដើមខែក្រោយនេះ។

លោក វ៉ាត់ ចំរើន បន្ដថា «ឯកឧត្តមបណ្ឌិត ថោង ខុន បានជំរុញឱ្យគណៈកម្មការជំនាញទាំងអស់ត្រូវធ្វើការឱ្យបានហ្មត់ចត់បំផុត ក្នុងការទទួលបដិសណ្ឋារកិច្ចជូនភ្ញៀវអន្តរជាតិ ដើម្បីឱ្យសក្តិសមនឹងកិត្តិយស សេចក្តីថ្លៃថ្នូររបស់ជាតិយើង។ ឥស្សរជនជាន់ខ្ពស់ គឺមានកិត្តិយសខ្ពង់ខ្ពស់នៅប្រទេសរបស់គាត់ ហើយយើងនឹងលើកបង្ហាញឱ្យពួកគាត់បានមើលឃើញពីសភាពការណ៍ពិត សន្តិភាព និងការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺរាជធានីភ្នំពេញ ដែលបានផ្លាស់ប្តូរមុខមាត់ថ្មី»។

នេះជាការរៀបចំមហាសន្និបាតដ៏ធំ ដែលកម្ពុជាមានកិត្តិយសទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ដូច្នេះកិច្ចប្រជុំខាងលើ បានត្រួតពិនិត្យបន្ថែមឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យភារកិច្ចដ៏ធំនេះទទួលបានជោគជ័យ និងលើកកម្ពស់ដល់ការជួយឧបត្ថម្ភគាំទ្រពីបណ្ដាប្រទេសចូលរួម ដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី ឆ្នាំ២០២៩ ផងដែរ ។

អ្វីដែលពិសេស ក្នុងមហាសន្និបាត OCA នេះ ក៏នឹងទទួលបានការផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដោយសម្ដេចនឹងអញ្ជើញថ្លែងសន្ទរកថាគន្លឹះ និងបើកមហាសន្និបាតនេះផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img