32 C
Phnom Penh
Monday, September 9, 2024

កម្ពុជាគ្រោងស្នើសុំជប៉ុន ជួយនាំចេញកសិផលកសិកម្មទៅកាន់ទីផ្សារជប៉ុន

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងនឹងស្នើសុំឱ្យភាគីជប៉ុនជួយកែច្នៃ និងនាំចេញកសិផលកសិកម្មទៅកាន់ទីផ្សារជប៉ុន ដើម្បី​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ​នៅ​មូលដ្ឋាន និង​បង្កើត​ប្រាក់ចំណូល​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត​។ ការស្នើសុំ​របស់លោក​ វេ​ង​ សាខុន​ នេះ​នៅពេលដែល​លោក​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោក​អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ជប៉ុន​ដែល​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី​១៩ ​ខែកក្កដា​ ឆ្នាំ ​២០២២ ​ខាងមុខនេះ​។

​លោក​រដ្ឋមន្ត្រី​បាន​ជម្រាប់ជូន​លោក MIKAMI Masahiro ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ​នៅក្នុង​ជំនួប​ជាមួយ​លោក​អនុរដ្ឋមន្ត្រី​កសិកម្ម​ជប៉ុន​នោះ​លោក ធ្វើការ​ពិភាក្សា ផ្លាស់ប្តូរ​បទពិសោធន៍ និង​លើក​ជា​សំណើ​ជួយ​គាំទ្រ​លើ​ការងារ​បច្ចេកទេស​សំខាន់ៗ​ជាអាទិ៍​៖ ការកែច្នៃ​អាហារ គ្រាប់​ស្វា​ចន្ទី ចេក ស្វាយ គ្រាប់ពូជ ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ការលើកកម្ពស់​សមត្ថ​ភាព​ផលិតកែច្នៃ ទាំង​ធនធានមនុស្ស និង​ឧបករណ៍​សម្ភារ​កែច្នៃ​។​ល​។ ដោយឡែក ចំពោះ​សំណើ​ឲ្យ​ពិនិត្យ​លើលក្ខខ័ណ្ឌ​នៃ​ការនាំចេញ​កសិផល​ទៅកាន់​ទីផ្សារ​ជប៉ុន ដូចជា​ផ្លែស្វាយ​ក៏​អាច​លើក​យកមក​ពិភាក្សា នាឱកាស​នោះ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​បន្តថា ការកសាង​ខ្សែ​ច្រវាក់​តម្លៃបន្ថែម ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ការពង្រឹង​លើ​ការផលិត កែច្នៃ​វត្ថុធាតុដើម ក្រោយ​ការប្រមូល​ផល រួមជាមួយ​នឹង​ការ​ផ្តល់ទុន និង​ការលើកកម្ពស់​សមត្ថភាព គុណភាព​ផលិត​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម គឺជា​ការ​ចំ​បាច់​នាពេល​បច្ចុប្បន្ន ដើម្បី​ប្រជាជន​កម្ពុជា​ទទួលបាន​តម្លៃបន្ថែម​និង​ទីផ្សារការងារ​ផងដែរ ។

​លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា រីឯ​ការត្រួតពិនិត្យ​គុណភាព​គ្រាប់ពូជ​ដំណាំ​ស្រូវ ការគ្រប់គ្រង និង​ការប្រើប្រាស់​ថ្នាំ​កសិកម្ម ក៏​ជា​តម្រូវការ​ចាំបាច់​រប​ស់​កម្ពុជា ក្នុងការ​ពង្រឹង​ផលិត​នាំចេញ ប្រកបដោយ​គុណភាព​និង​សុវត្ថិភាព ជាពិសេស​ការ កែច្នៃ​គ្រាប់ស្វាយចន្ទី ក៏​ជា​អាទិភាព​ខ្ពស់​ដែល​ក្រសួង​បាននិងកំពុង​សហការ​ជាមួយ​ដៃ​គូ​អភិវឌ្ឍ​និង​វិស័យ​ឯកជន ធ្វើការ​គិតគូ និង​យកចិត្តទុកដាក់​ខ្ពស់ ធ្វើយ៉ាងណា​ឆ្លើយតប​តាម​ស្តង់ដា​ជប៉ុន ដែលមាន​គុណភាព​កម្រិត​ពិភពលោក ហើយ​ពិតណាស់​បើ​កម្ពុជា​អាចធ្វើ​បាន នោះ​ផលិតផល​កសិកម្ម​កម្ពុ​ជា​នឹង​អាច​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​យ៉ាង​ទូលំទូលាយ​។ លើសពីនេះ​លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង ប្រធានបទ​សំខាន់ៗ​ផងដែរ​សម្រាប់​លើក​យកមក​ពិភាក្សា សំណើសុំ​ពិចារណា​ជួយឧបត្ថម្ភ និង​គាំទ្រ​ពី​រដ្ឋាភិបាល​ជប៉ុន តាមរយៈលោក​អនុរដ្ឋមន្ត្រី​កសិកម្ម ជប៉ុន ដែល​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខ​។

​លោក​ឯកអគ្គរាជទូត​ជប៉ុន​ក៏បាន​លើកឡើងថា វិស័យ​កសិកម្ម​កម្ពុជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច បង្កើត​ការងារ​នៅ​មូលដ្ឋាន និង​បង្កើត​ប្រាក់ចំណូល​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​អនាគត​។ ផលិតផល​កសិកម្ម​ក​ម្ពុ​ជា​ដែលមាន​គុណភាព​ល្អៗ​ជាច្រើន​មាន​សក្តានុពល​សម្រាប់ធ្វើ​ការនាំចេញ​ទៅកាន់​ទីផ្សា​រ​អន្តរជាតិ រួមទាំង​ទីផ្សារ​ជប៉ុន​ផងដែរ ឧទាហរណ៍​មាន​អង្ករ ចេក ស្វាយចន្ទី និង​ម្រេច​។​ល​។ ដូច្នេះ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​​គាំទ្រ ការលើកកម្ពស់​សមត្ថ​ភាព​កែច្នៃ ការជួយ​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បច្ចេកទេស ​គឺជា​អាទិភាព​ចម្បង​សម្រាប់​អង្គការ JICA យកទៅ​ពិនិត្យ ពិចារណា​តាម​សំណើ​របស់​ឯកឧត្តមរ​ដ្ឋ​មន្ត្រី ហើយ​ទាំងអស់នេះ គឺ​ស្ថិតក្នុង​របៀប​វារៈនៃ​ជំនួប​ពិភាក្សា​របស់​ឯកឧត្តម​អនុរដ្ឋមន្ត្រី​កសិកម្ម​ជប៉ុន​ជាមួយ​ឯក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កម្ពុជា​នាពេលខាងមុខ​៕

ដោយ៖ Puthinews

Telegram Channel: Puthinews

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img
spot_img