27 C
Phnom Penh
Thursday, December 8, 2022

កងទ័ពអាកាសចិន អះអាងថាមានសមត្ថភាពការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី

(ប៉េកាំង)៖ អ្នកនាំពាក្យកងកម្លាំងទ័ពអាកាសចិន លោក ឈិន ជីនឃឺ (Shen Jinke) នៅថ្ងៃអាទិត្យនេះបាននិយាយថា ចិននឹងការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិជាដាច់ខាត ខណៈភាពតានតឹងនៅឯតំបន់ច្រកសមុទ្រតៃវ៉ាន់ឡើងកម្ដៅជាថ្មី ជុំវិញសេចក្ដីរាយការណ៍ពីផែនការនៃការបំពេញទស្សនកិច្ច របស់ប្រធានសភាតំណាងរាស្ត្រអាមេរិក មកកាន់កោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដា ឆ្នាំ២០២២។

នៅក្នុងការដកស្រង់សម្ដីចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន លោក Shen Jinke បានបញ្ជាក់ទៀតថា កងទ័ពអាកាសចិនមានយន្ដហោះចម្បាំងគ្រប់ ប្រភេទដែលមានការប្ដេជ្ញាចិត្ត សមត្ថភាព និងទំនុកចិត្តយ៉ាងពេញលេញ ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី។ ភាពតានតឹងជុំវិញកោះតៃវ៉ាន់ បានកើតឡើងខ្លាំងក្នុងរយៈពេលជាងមួយសប្ដាហ៍មកនេះ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថាលោកស្រី ណាន់ស៊ី ផេឡូស៊ី ប្រធានសភាតំណាងរាស្ត្រអាមេរិក មានផែនការបំពេញទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ នាឱកាសដែលលោកស្រីបំពេញទស្សនកិច្ចមកកាន់ទ្វីបអាស៊ី នៅប៉ុន្មានថ្ងៃទៀតនេះ។

កាលពីថ្ងៃសុក្រកន្លងទៅ លោកស្រី ផេឡេស៊ី បានឱ្យថាលោកស្រីនឹងធ្វើដំណើរមកកាន់តំបន់អាស៊ី ហើយប្រទេសដែលលោកស្រីគ្រោងនឹងបំពេញទស្សនកិច្ច រួមមានជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី និងសិង្ហបុរី ដោយមិនបានលើកចំឈ្មោះតៃវ៉ាន់នោះទេ។ ប៉ុន្តែ បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោកស្រីមានផែនការ ធ្វើដំណើរទៅកាន់ទីក្រុងតៃប៉ិ ដើម្បីបង្ហាញការគំាទ្រចំពោះកោះតៃវ៉ាន់។

គួរបញ្ជាក់ថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ លោក ស៊ី ជិនពីង បានព្រមានសហរដ្ឋអាមេរិកកុំឱ្យ ប្រឡែងលេងជាមួយភ្លើង ព្រោះថាអាចស្លាប់ដោយសារភ្លើង។ យ៉ាងណាក៏ដោយ ខាងសេតវិមានអះអាងថាមិនមានភស្តុតាងណាមួយដែលបញ្ជាក់ថាចិនកំពុង ឬអាចនឹងប្រើកម្លាំងយោធាប្រឆាំងតៃវ៉ាន់នោះទេ៕
ដោយ៖ ពុទ្ធិញ៉ូស៍

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img